ព័ត៌មានទាន់ហេតុការណ៍៖

ចិនមិនបារម្ភឡើយបើទោះបី អាមេរិកបង្កើន ដាក់សម្ពាធលើចិនឲ្យកាន់តែខ្លាំងក៏ដោយ

ចែករំលែក៖

សារព័ត៌មាន CNA នៅថ្ងៃទី​៣១​ ខែតុលា បានដកស្រង់សំដីរដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា នឹងបង្កើនការដាក់សម្ពាធលើមហាយក្សចិន ជុំវិញបញ្ហាជាច្រើនដោយចោទថា ទីក្រុងប៉េកាំង តែងប្រកាន់ភ្ជាប់នូវគោលនយោបាយគគ្លើន ប្រឆាំងនឹងសហរដ្ឋអាមេរិក។

ថ្លែងនៅសុន្ទរកថាមួយទៅកាន់វិទ្យាស្ថាន ហ៊ូដសុន (Hudson) របស់ក្រុមអ្នកអភិរក្សនិយម ក្នុងទីក្រុងញូយ៉ក នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅញូយ៉ក) លោក ប៉ុមប៉េអូ បានគូសបញ្ជាក់ដូច្នេះថា «នៅថ្ងៃនេះយើងបានដឹងពីកម្រិតដែលគណបក្សកុម្មុយនិស្ដចិន កំពុងប្រកាន់នយោបាយគគ្លើនប្រឆាំងនឹងសហរដ្ឋអាមេរិក និងតម្លៃរបស់យើង…»។ លោករដ្ឋមន្ត្រីការបរទេសអាមេរិកបន្ថែមថា សហរដ្ឋអាមេរិកមិនមែនកំពុងស្វែងរកការប្រឈមមុខដាក់គ្នា ជាមួយចិននោះទេ តែទីក្រុងវ៉ាស៊ីនតោននៅតែចងលើកទឹកចិត្តឱ្យចិនធ្វើ «សេរីភាវូបនីយកម្ម» បន្ថែមទៀត។

គួរជម្រាបថា បើតាមលោក ម៉ៃក៍ ប៉ុមប៉េអូ លោកផ្ទាល់នឹងធ្វើសុន្ទរកថាបន្ថែមទៀតនៅប៉ុន្មានខាងមុខទៀត នេះជុំវិញការប្រឆាំងនឹងទីក្រុងប៉េកាំងលើវិស័យនានា ព្រមទាំងបញ្ហាមួយចំនួនរាប់ចាប់ពីមនោគមវិជ្ជា រហូតដល់ពាណិជ្ជកម្ម ព្រមទាំងការបង្កើនឥទ្ធិពលចិននៅសហរដ្ឋអាមេរិកជាដើម។

 រដ្ឋមន្ត្រីការបរទេសអាមេរិក​ បានលើកឡើងថា គណ​បក្សកុម្មុយនីស្តចិន មានមហិច្ឆតាធំណាស់ គឺចង់គ្រប់គ្រង​ពិភពលោក ហើយអាមេរិក ត្រូវតែហ៊ាន​ប្រឈមមុខ​​ តតាំងជាមួយ​ចិន ដើម្បី​ការពារ​តម្លៃនៃលិទ្ធិសេរីនិយម។វិទ្យាស្ថានHudson ដែលជាបណ្តុំនៃអ្នកស្រាវជ្រាវវិភាគ មាន​ទំនោរ​អភិរក្សនិយមនៅអាមេរិក បានរៀបចំកម្មវិធីរាត្រីស្រមោលសប្រចាំឆ្នាំរបស់ខ្លួន​ ដោយបានអញ្ជើញលោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិក ទៅចូលរួមផងដែរ។ នៅក្នុងសន្ទរ​កថា របស់លោក Pompeo លោកបាន​និយាយ​សង្កត់ខ្លាំង រិះគន់រដ្ឋាភិបាល និងបក្សកម្មុយនីស្តចិន។

លោក Mike Pompeo លើកឡើងថា អាមេរិក មានសមានចិត្តស្រលាញ់រាប់អានប្រជាជនចិនណាស់ ក៏ប៉ុន្តែអាមរិក ត្រូវតែប្រយ័ត្នជាមួយនឹង រដ្ឋាភិបាលចិន ដែលស្ថិតក្រោមការកាន់កាប់ របស់​គណបក្សកុម្មុយនីស្តចិន ព្រោះបក្សនេះជាបក្សដែលដើរតាមទ្រឹស្តី ម៉ាក្ស-ឡេនីន ហើយដែលមានមហិច្ឆតាត្រួតត្រាពិភពលោក។

រដ្ឋមន្ត្រីការបរទេសអាមេរិក បន្ថែមថា បក្សកម្មុយនីស្តចិនស្អប់សហរដ្ឋអាមេរិកណាស់ ហើយបាន​ប្រើប្រាស់គ្រប់វិធី ដើម្បីបង្កបញ្ហា ប្រជែងជាមួយអាមេរិក ក៏ដូចជាបង្ក​បញ្ហាលំបាកផ្សេងៗ ឲ្យ​ដល់ពិភពលោក។ ដូច្នេះ យើងទាំងអស់ ត្រូវតែរួមគ្នា ហ៊ានតតាំង ប្រឈមមុខជាមួយអំណាចបក្សកុម្មុយនីស្តចិន។ លោកបន្តថា អំណេះតទៅ យើងមិនអាចបដិសេធ មិនទទួលស្គាល់​បានទេ ថាប្រព័ន្ធដឹកនាំ​នយោបាយឬសេដ្ឋកិច្ច រវាងអាមេរិក និងចិន មានលក្ខណៈផ្ទុយគ្នាកម្រិតណា។ ហើយយើងក៏ត្រូវទទួលស្គាល់ដែរ ថា​ភាពផ្ទុយគ្នានេះ វាអាចជះផលអាក្រក់កម្រិតណា ដល់សន្តិសុខជាតិអាមេរិក។ ជាចុងក្រោយ លោក Mike Pompeo បានលើកឡើង ពីគ្រោះថ្នាក់ទាក់ទិន នឹងការបង្កើនសមត្ថភាពសព្វាវុធ របស់កងទ័ពចិន នារយៈពេល១០ឆ្នាំចុងក្រោយ​នេះ។

គួរកត់សំគាល់ថា សម្តីរិះគន់វាយប្រហារចិនដោយចំៗ របស់លោករដ្ឋមន្ត្រីការបរទេសអាមេរិកនេះ គឺធ្វើឡើងចំពេល ដែលអាមេរិក និងចិន កំពុងប្រុងប្រៀបចុះហត្ថលេខាជាមួយគ្នា លើកិច្ចព្រមព្រៀងមួយ ដើម្បីបិទបញ្ចប់សង្រ្គាមពាណិជ្ជកម្ម។ ចំណេកកាលពីសប្តាហ៍មុន លោក Mike Pence អនុប្រធានាធិបតីអាមេរិក ក៏បាននិយាយរិះគន់ចិនដែរ ទាក់ទិននឹងបញ្ហាគោរពសិទ្ធិមនុស្ស។ លោក Mike Pence បានរិះគន់ផងដែរ អំពីរបៀបធ្វើជំនួញស៊ីខ្សែលើរបស់ចិន ព្រមទាំង​វិធីសាស្ត្ររបស់ចិន ក្នុងការច្បាម ពង្រីកឥទ្ធិពលនៅតាមប្រទេសនានា។

ចំណែកគណកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ទើបតែបានបិទបញ្ចប់ការប្រជុំ នៅថ្ងៃព្រហស្បតិ៍ទី៣១តុលា ក្រោមប្រធានបទសំខាន់ៗ ដែលចិនកំពុងតែពើបប្រទះ ក្នុងនោះមានបញ្ហាសេដ្ឋកិច្ច សង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក និងបញ្ហាវិបត្តិនៅហុងកុងជាដើម។ ក្រោយ​ការប្រជុំដ៏ធំនេះ គណបក្សកុម្មុយនីស្តចិន បានប្រកាសថា បក្សកុម្មុយនីស្តនឹងប្តេជ្ញាការពារ ស្វយ័តភាព របស់ហុងកុង ដោយគោរពតាមរដ្ឋធម្មនុញ្ញចិន។

“គណបក្សកុម្មុយនីស្តចិន ប្តេជ្ញាការពារស្ថិរភាព និងស្វយ័តភាព​ របស់ហុងកុង”។ នេះគឺជាការប្រកាស របស់គណកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ដែលចុះផ្សាយដោយសារព័ត៌មាន ចិនថ្មី ដែលជាសារព័ត៌មានផ្លូវការ របស់រដ្ឋចិន។ នៅក្នុង​សេចក្តីប្រកាស ដ៏វែងអន្លាយនេះ គណបក្សកុម្មុយនិស្តចិន បានទទួលស្គាល់ថា ប្រទេសចិន នាពេលបច្ចុប្បន្ននេះ កំពុងប្រឈមមុខនិងបញ្ហាស្មុគស្មាញមួយចំនួន ហើយបញ្ហាទាំងនេះ បានធ្វើឲ្យកើនឡើងនូវហានិភ័យ មិនថានៅក្នុងស្រុក ឬនៅខាងក្រៅស្រុក។

សូមបញ្ជាក់ថា សន្និបាទនៃគណកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិន ដែលមានរយៈពេល៤ថ្ងៃ បានបិទបញ្ចប់ទៅ​ កាលពីថ្ងៃព្រហស្បតិ៍ទី​៣១តុលា។ សមាជិក ទាំង​៣៧០នាក់ នៃស្ថាប័ន​អំណាចកំពូលនេះ បានប្រជុំជជែកគ្នា ជុំវិញបញ្ហាជាច្រើនដែលចិនកំពុងជួបប្រទះ។ បញ្ហាទាំងនោះ មានដូចជា ការចុះអន់ថយនូវសន្ទុះសេដ្ឋកិច្ច បញ្ហា​សង្រ្គាមពាណិជ្ជកម្ម ជាមួយ​សហរដ្​ឋអាមេរិក និងវិបត្តិនៅហុងកុង។ ជាការកត់សំគាល់ នៅក្នុងសន្និបាទលើកនេះ គេសង្កេតឃើញថា គណកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន មិនបានដាក់ចុះ ឬសម្រេចអ្វីមួយឲ្យច្បាស់ប្រាកដទេ មិនថាទាក់ទិននឹងបញ្ហានយោបាយផ្ទៃក្នុង បញ្ហាសេដ្ឋកិច្ច ឬនយោបាយ​ការបរទេស។

ដោយឡែក ទាក់ទិននឹងបញ្ហាហុងកុង គណបក្សកុម្មុយនីស្តចិន បានលើកឡើងថា “បក្សកុម្មុយនីស្ត សូមសន្យាគាំទ្រ និង​ធ្វើឲ្យ​កាន់តែល្អប្រសើរ នូវ​ខ្លឹមសារនៃគោលនយោបាយ ប្រទេសមួយ ប្រព័ន្ធពីរ ដែលអនុវត្តទៅលើដែនដីស្វយ័តហុងកុង តាំងតែពីឆ្នាំ១៩៩៧មក”។ តែយ៉ាងណា ក៏ដោយ នៅក្នុងសេចក្តីថ្លែងការនេះ គេមិនមាន​លំអិតទេ ថាគណបក្សកុម្មុយនីស្តចិន មានគម្រោង មានវិធានការអ្វីខ្លះ ឲ្យបានល្អិតល្អន់។ សេចក្តីប្រកាស គ្រាន់តែរៀបរាប់ថា “បក្សកុម្មុយនីស្តនឹង​ដឹកនាំគ្រប់គ្រង តំបន់ស្វយ័តហុងកុង ដោយគោរពឲ្យបានជាដាច់ខាត លើគោលការណ៍របស់រដ្ឋធម្មនុញ្ញចិន ក៏ដូចជាច្បាប់គ្រិះរបស់ហុងកុង​ ដើម្បីការពារស្ថិរភាព និងភាពរុងរឿងរបស់ហុងកុង ឲ្យបានយូរអង្វែងទៅមុខ”។

សូមរំលឹកថា ហុងកុង គឺជាតំបន់ស្វយ័ត ដែលអង់គ្លេសបានប្រគល់មកឲ្យចិនវិញនៅឆ្នាំ១៩៩៧។ ខុសពីចិនដីគោក ហុងកុងមានរដ្ឋធម្មនុញ្ញពិសេសមួយ ដាច់ដោយឡែក ដែលបើកសិទ្ធិសេរីភាព​ឲ្យប្រជាជនហុងកុង។ ក៏ប៉ុន្តែប៉ុន្មានឆ្នាំ​ចុងក្រោយនេះ សិទ្ធិសេរីភាព​ជាមូលដ្ឋានទាំងនេះ ត្រូវបានប្រជាជនហុងកុងគិតថា កំពុងស្ថិតក្នុងគ្រោះថា្នក់។ អស់រយៈពេល​ប្រមាណ​៥ខែមកហើយ ដែលប្រជាជនហុងកុង បានចុះផ្លូវធ្វើបាតុកម្ម ដើម្បីទាមទារឲ្យបក្សកុម្មនីស្តចិន ដកថយឈប់កៀបសង្កត់សិទ្ធិសេរីភាពនៅហុងកុង៕


ចែករំលែក៖