ខេត្តកណ្ដាលៈ បុរសម្នាក់ដែលគេដឹងជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន បានធ្វើការសកម្មភាពទាញទំពួកខោអាវវាយទៅលើស្រ្ដីជាប្រពន្ធ បណ្ដាលឲ្យរងរបួសយ៉ាងដំណំ ព្រោះតែខឹងសុំលុយមិនបានដូចចិត្ដ ។
ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិឆ្មារពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល ។ ក្រោយពីមានហេតុការណ៍កើតឡើង ស្រ្ដីជាប្រពន្ធបានសម្រេចចិត្ដដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចជួយអន្ដរាគមន៍ចាប់ខ្លួនជនសង្ស័យជាប្ដី ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
មន្រ្ដីនគរបាលយុត្ដិធម៌ស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ចេក សុខឡៃ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។ ចំណែកស្រ្ដីរងគ្រោះជាប្រពន្ធឈ្មោះ កាយ ស្រីល័ក្ខ អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ។ ទាំង២នាក់ប្ដីប្រពន្ធនេះ មានទីលំនៅភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ជនសង្ស័យជាប្ដីបាននិយាយសុំលុយស្រ្ដីជាប្រពន្ធចំនួន១០០ដុល្លារសហរដ្ឋអាមេរិក ដើម្បីយកទៅទិញទូរស័ព្ទថ្មីមកប្រើប្រាស់ផ្ទាល់ខ្លួន ខណៈនោះ ស្រ្ដីជាប្រពន្ធបានប្រាប់ថា គ្មានលុយទេ ទើបធ្វើឲ្យជនសង្ស័យជាប្ដីផ្ទុះក្ដីខឹងសម្បារយ៉ាងខ្លាំងស្រែកជេរប្រមាថ មិនតែប៉ុណ្ណោះ បានស្ទុះទាញយកទំពួក ថ្ពួកខោអាវមកវាយទៅលើជនរងគ្រោះ បណ្ដាលឲ្យត្រូវចំកំភូនដៃខាងឆ្វេង ខ្នង និងកំភូនជើង រងរបួសយ៉ាងដំណំ ហើយក៏ដើរគេចចេញបាត់ទៅ ។ ក្រោយពីមានហេតុការណ៍កើតឡើង ស្រ្ដីជាប្រពន្ធបានសម្រេចចិត្ដដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចជួយអន្ដរាគមន៍ចាប់ខ្លួនជនសង្ស័យជាប្ដី ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
មន្រ្ដីនគរបាលយុត្ដិធម៌ស្រុកកណ្ដាលស្ទឹងបានបញ្ជាក់ថា ករណីហិង្សាជេរប្រមាថ និងវាយតប់ទៅលើស្រ្ដីជាប្រពន្ធនេះ មិនមែនកើតឡើងជាលើកទីមួយនោះទេ ពោលគឺជនសង្ស័យរូបនេះ តែងតែរករឿងជេរប្រមាថ និងវាយដំទៅលើជនរងគ្រោះជាបន្ដបន្ទាប់ ប៉ុន្ដែស្រ្ដីជាប្រពន្ធមិនសម្រេចចិត្ដប្ដឹង ក៏ព្រោះតែនឹកឃើញថាជាប្តីប្រពន្ធនឹងគ្នា តែលើកនេះទ្រាំលែងបានក៏សម្រេចចិត្ដប្ដឹងទៅសមត្ថកិច្ចឲ្យចាត់ការតាមច្បាប់តែម្ដង ។
ប្រភពដែលបានបញ្ជាក់ទៀតថា ជនសង្ស័យរូបនេះ គឺជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ដែលសមត្ថកិច្ចកំណត់និងតាមដាននាពេលកន្លងមក តែដោយពុំមានវត្ថុតាងដាក់បន្ទុកចាប់ខ្លួន លុះមកដល់ថ្ងៃនេះ ទើបសមត្ថកិច្ចចាប់ខ្លួនពីបទហិង្សាក្នុងគ្រួសារតែម្ដង ៕ ស្អាងជ័យ