ខេត្តប៉ៃលិន ៖ បុរសជាអនុភូមិអូរឈើក្រំម្នាក់ រងការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ ទៅលើក្មេងស្រីអាយុ១២ឆ្នាំម្នាក់ និងបៀតបៀនកេរ្តិ៍ខ្មាសក្មេងស្រីអាយុ៩ឆ្នាំម្នាក់ទៀត ត្រូវបានឪពុកម្តាយក្មេងស្រីរងគ្រោះទាំងពីរនាក់ ដាក់ពាក្យបណ្តឹងទៅកងរាជអាវុធហត្ថខេត្ត ឱ្យធ្វើការចាប់ឃាត់ខ្លួន។ ប៉ុន្តែក្រោយពីសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានត្រឹមតែ២យប់ ត្រូវបានដោះលែង ហើយជនសង្ស័យបានរត់គេចទៅលាក់ខ្លួនឯខេត្តកោះកុងបាត់ស្រមោលតែម្តង។
ជួបជាមួយភ្នាក់ងារសារព័ត៌មានយើង កាលពីវេលាម៉ោង៣ និង១០នាទីរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅចំណុចអូរកប់អង្ករ ក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បុរសម្នាក់ ឈ្មោះ កៅ ម៉ិ អាយុ៥៦ឆ្នាំ ប្រពន្ធឈ្មោះ ផៃ ណេត អាយុ៣៧ឆ្នាំ មានកូនទី១.ឈ្មោះ ក.ភ ភេទស្រី អាយុ១២ឆ្នាំ ត្រូវជនសង្ស័យរំលោភសេពសន្ថវៈច្រើនដង និងកូនទី២.ឈ្មោះ ក.ក ភេទស្រី អាយុ៩ឆ្នាំ ត្រូវបានជនសង្ស័យបៀតបៀនកេរ្តិ៍ខ្មាស។ ចំណែកជនសង្ស័យឈ្មោះ ស្រី ស៊ីថា ភេទប្រុស អាយុប្រហែល៤៩ឆ្នាំ ជាអនុភូមិអូរឈើក្រំ ហើយជាអ្នកជិតស្និទ្ធជាមួយម្ចាស់ផ្ទះ ដោយចេញចូលផឹកស៊ីស្ទើររាល់ថ្ងៃ ក្រោយពីដោះលែងបានរត់គេចខ្លួនទៅខេត្តកោះកុង។
ប្រភពព័ត៌មានពីប្តីប្រពន្ធទាំងពីរនាក់ខាងលើបានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យតែងតែទៅលេងផ្ទះពួកគាត់ព្រឹកល្ងាចៗ ហើយទិញស្រាបៀរយកទៅហៅពួកគាត់ផឹកស៊ីជាមួយគ្នាផងដែរ។ ប៉ុន្តែបន្ទាប់ពីផឹកស៊ីរួចតែងតែបបួលនាំកូនស្រីរបស់គាត់ទាំង២នាក់ទៅដើរលេង ដោយយកលេសថា នាំទៅទិញនំ ទិញពងទា ឬទិញរបស់របរផ្សេងៗ លុះប្រហែលជាច្រើនម៉ោងក្រោយមក ទើបដឹកត្រឡប់ទៅផ្ទះវិញ។ ពួកគាត់បន្តទៀតថា ពេលខ្លះជនសង្ស័យ បានដឹកកូនៗ របស់គាត់ទៅលេងផ្ទះខ្លួនពេលយប់ស្ងាត់ ខណៈប្រពន្ធរបស់គេទៅធ្វើការនៅកាស៊ីណូនាពេលយប់ លុះបានឱកាសល្អ ក៏ធ្វើការរំលោភសេពសន្ថវៈ ទៅលើកូនស្រីច្បងរបស់គាត់ រីឯកូនស្រីប្អូនវិញ គ្រាន់តែយកប្រដាប់ភេទរបស់គេឱ្យលេងប៉ុណ្ណោះ។
លុះបន្ទាប់ពីរំលោភបានសម្រេច តែងគម្រាមកូនស្រី គាត់មិនឱ្យនិយាយប្រាប់ឪពុកម្តាយនោះឡើយ បើសិនជាហ៊ាននិយាយគេនឹងសម្លាប់ចោល អស់១ពូជតែម្តង។ គាត់បញ្ជាក់ថា សកម្មភាពនេះ បានកើតឡើងអស់រយៈពេលជាច្រើនខែមកហើយ ក្នុងឆ្នាំ២០១៩នេះ ដោយពួកគាត់ទាំងពីរនាក់ប្តីប្រពន្ធមិនដឹងរឿងទាល់តែសោះ ហើយក៏ចេះតែបណ្តែតបណ្តោយឱ្យកូនៗ ដើរលេងជាមួយជនសង្ស័យ ព្រោះពួកគេតែងតែចាត់ទុក ជាតារបស់ខ្លួន។ បន្ទាប់មកកូនស្រីច្បងពួកគាត់ បាននិយាយប្រាប់ម្តាយថា នាងបត់ជើងតូចអត់ចេញ។
តែម្តាយមិនចាប់អារម្មណ៍នឹងសម្តីកូននោះទេ ព្រោះនាងមិនហ៊ាននិយាយប្រាប់ ក្រែងជនសង្ស័យសម្លាប់ចោល គ្រាន់តែដឹងថា សភាពរាងកាយកូនស្រីខ្លួនខុសប្លែកពីធម្មតា ដោយចេះតែស្លេកស្លាំង ស្គមស្គាំងអស់កម្លាំង។ ប៉ុន្តែក្រោយមកបានប្អូនរបស់ពួកគាត់ម្នាក់ឈ្មោះ ផៃ ណាត់ ភេទស្រី អាយុ២៩ឆ្នាំ រស់នៅខេត្តសៀមរាប បានធ្វើដំណើរមកលេងផ្ទះ សង្កេតឃើញកូនខ្លួនខុសប្រក្រតី ក៏ចាប់អារម្មណ៍សួរ តែនាងមិនប្រាប់ ទើបក្រោយមកបាននាំកូនរបស់ខ្លួនទៅលេងផ្ទះ និងទៅលេងកន្លែងធ្វើការនៅប្រទេសថៃ ក៏លួចសួរនាំ ទើបក្មេងស្រីប្រាប់រឿងរ៉ាវ ក៏មានការភ្ញាក់ផ្អើល និងប្រញាប់ដាក់ពាក្យបណ្តឹងទៅកងរាជអាវុធហត្ថខេត្ត ឱ្យចាប់ឃាត់ខ្លួនជនសង្ស័យតែម្តង។
ប៉ុន្តែក្រោយពេលចាប់ឃាត់ខ្លួនបានរយៈពេល២ថ្ងៃ ត្រូវបានគេដោះលែងឱ្យរួចខ្លួន ខណៈលោកទាមទារជំងឺចិត្តចំនួន១ម៉ឺនដុល្លារ ដោយគេបង់ឱ្យត្រឹមតែ១៦ លានរៀលប៉ុណ្ណោះ ហើយក៏បែងចែកឱ្យអ្នកកាសែតម្នាក់ថ្លៃរត់ការ។ គាត់បញ្ជាក់ទៀតថា ក្រោយមកជនសង្ស័យ បានរត់គេចខ្លួនទៅរស់នៅខេត្តកោះកុង រីឯកូនស្រីគាត់ម្នាក់ ក៏បញ្ជូនឱ្យទៅរស់នៅជាមួយនឹងប្អូនស្រីក្នុងខេត្តសៀមរាបដែរ។ គាត់ក៏បានផ្តែផ្តាំថា សូមឱ្យបងប្អូនប្រជាពលរដ្ឋកុំទុកចិត្តមនុស្សជិតស្និទ្ធណាម្នាក់ឱ្យសោះ បើទុកចិត្តត្រូវធ្វើការតាមដាន ក្រែងដូចជារូបលោក ត្រូវគេរំលោភកូនស្រីបណ្តាលឱ្យមានវិប្បដិសារីអស់មួយជីវិត។ ពាក់ព័ន្ធនឹងបញ្ហានេះ លោក វ៉ាន់ ណាឡុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន បានឱ្យដឹងថា រឿងរ៉ាវខាងលើនេះ បានកើតឡើងយូរក្រែលដែរមកហើយ ដោយមន្ត្រីរបស់លោកជាអ្នកទទួលពា ក្យបណ្តឹង និងរៀបចំរបាយការណ៍ជូនទៅតុលាការ។
លោកបន្តទៀតថា ប៉ុន្តែចំពោះការដោះលែងខា ងលោកមិនមានសិទ្ធិអ្វីទៅដោះលែងជនសង្ស័យនោះទេ គឺត្រូវតែរៀបចំសំណុំរឿងបញ្ជូនទៅអយ្យការអ មសាលាដំបូងតែម្តង។ ប៉ុន្តែចំពោះករណីដោះលែង ជនសង្ស័យពាក់ព័ន្ធនឹងការរំលោភសេពសន្ថវៈនេះ គឺខាងព្រះរាជអាជ្ញាជាអ្នកដោះលែងទេ ហើយបើសិនជាចង់ដឹងច្បាស់ឱ្យទាក់ទងសួរនាំបន្ថែមទៀត ចំណែកខាងលោកធ្វើតាមតែតួនាទីប៉ុណ្ណោះ។ ចំណែកលោក តូច សុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តប៉ៃលិន បានឱ្យដឹងកាលពីវេលាម៉ោង៦ និង០៧នាទីល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះថា ការដោះលែងជនសង្ស័យខាងលើ គឺខាងលោកដោះលែងទៅតាមរបាយការណ៍ របស់មន្ត្រីជំនាញ កងរាជអាវុធហត្ថខេត្ត ព្រោះគេបានដាក់ថា ជនសង្ស័យ និងជនរងគ្រោះ គឺត្រូវរូវគ្នា ស្រឡាញ់រវាងគ្នា និងគ្នាប៉ុណ្ណោះ៕ស សារ៉េត