បន្ទាប់ពីសមយុទ្ធ កម្លាំងទាហានជើងគោក ជើងអាកាសទ្រង់ទ្រាយធំ មិនធ្លាប់មានចាប់តាំងពីសម័យសង្គ្រាមត្រជាក់ ដោយមានទាហានរាប់សែននាក់ អាវុធទំនើបៗជាច្រើន ដើម្បីបង្ហាញពីឥទ្ធិពលយោធា របស់រុស្ស៊ីឲ្យពិភពលោកបានដឹង។
នៅពេលនេះ លោកពូទីនបញ្ជាឲ្យបញ្ជូននាវាមុជទឹក១០គ្រឿងចូលរួមធ្វើសមយុទ្ធ នៅមហាសមុទ្រ អាត្លង់តិច។ រុស្ស៊ីចាប់ផ្តើមធ្វើសមយុទ្ធ ជាទ្រង់ទ្រាយធំនៅមហាសមុទ្រអាត្លង់តិច ដោយមានការចូលរួមពីនាវាមុជទឹកដើរដោយថាមពលបរមាណូ ។ តាមសារព័ត៌មាន NRKបានផ្សាយថា នេះជាសមយុទ្ធ ទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាននៅអាត្លងតិច ចាប់តាំងពីបញ្ចប់សង្គ្រាមត្រជាក់។
ចំណែកសារព័ត៌មាន Mirror បានផ្សាយថា នៅក្នុងសមយុទ្ធនោះ មាននាវាមុជទឹកដើរដោយថាមពលបរមាណូ ចំនួន៨គ្រឿង ក្នុងចំណោម១០គ្រឿង និងអាវុធជាច្រើនទៀត ក្នុងនោះ មីស៊ីលបុក មីស៊ីលឆ្លងទ្វីប…ជាដើម។ នេះជាសមយុទ្ធនៅលើដែនទឹកធំបំផុតមិនធ្លាប់មាន ក្រោមការដឹកនាំរបស់ប្រធានាធិបតីពូទីន។
សមយុទ្ធខាងលើ របស់រុស្ស៊ីត្រូវបានបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប ពិសេសគឺណាតូ តាមដានយ៉ាងយកចិត្តទុកដាក់ ។ ប្រភពព័ត៌មានពីប្រទេស ន័រវេយ(Norway)បានឲ្យដឹងថា រុស្ស៊ីព្យាយាម ចូលទៅឆ្ងាយនៅក្នុងដែនសមុទ្រអាត្លងតិច ដែលណាតូមិនអាចមើលឃើញ។ បណ្តាប្រទេស ណាតូ ចាត់ទុក ក្រុមនាវាមុជទឹករបស់រុស្ស៊ីគំរាមកំហែងដល់សន្តិសុខ ប្រទេសជាសមាជិក។
ការធ្វើសមយុទ្ធនាវាមុជទឹកខាងលើ កើតឡើង ក្រោយពេលដែល រុស្ស៊ីបានសាកល្បង មីស៊ីលស៊ីលឆ្លងទ្វីប Bulava ជាលើកដំបូងដោយជោគជ័យ ហើយមីស៊ីលនោះអាច កម្ទេចគោលដៅ នៅចម្ងាយរាប់ពាន់គីឡូម៉ែត្រ ។
ចាប់តាំងពី លោកពូទីនឡើងកាន់តំណែងប្រធានាធិបតី សមយុទ្ធធំៗជាច្រើនត្រូវបានធ្វើឡើង ហើយសមយុទ្ធនោះ គឺធ្វើឡើងដោយចៃដន្យ មិនបានឡើងគម្រោងជាមុនឡើយ ។ ការធ្វើសមយុទ្ធបែបនេះដើម្បីឲ្យកម្លាំងទាហាន និងមេបញ្ជាការត្រៀមលក្ខណៈ យុទ្ធសាស្ត្រ ជាច្រើន ក្នុងការធ្វើសង្គ្រាមគ្រប់ពេលវេលា៕