ភ្នំពេញ៖ ចៅសង្កាត់ទន្លេបាសាក់ លោក ខាត់ ណារិទ្ឋ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៩-២០២០ នៅបឋមសិក្សា~អនុវិទ្យាល័យសុធារស ។
ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី នៃអនុវិទ្យាល័យសុធារស លោក ខាត់ ណារិទ្ឋ បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ធ្វើយ៉ាងណាត្រូវតែខិតខំរៀនសូត្រ ដើម្បីអោយក្លាយខ្លួនជាកូនល្អ សិស្សល្អ និងមិត្តល្អ សំខាន់ជាងនេះទៅទៀតត្រូវមានចិត្តតស៊ូ ក្នុងនាមជាយុវជន។
ក្រៅពីការផ្តាំផ្ញើអំពីការសិក្សា លោក ខាត់ ណារិទ្ឋ ក៏បានអំពាវនាវអោយសិស្សានុសិ្សទាំងអស់ត្រូវតែនាំគ្នាគោរពច្បាប់ចរាចរណ៍ ជាពិសេសគឺត្រូវពាក់មួយ សុវត្ថិភាពនៅពេលបើកបរម៉ូតូ និងដាក់ខ្សែក្រវ៉ាត់ជានិច្ចពេលបើកបររថយន្ត ហើយក៏អំពាវនាវអោយយុវជនទាំងអស់ត្រូវតែឃ្លាតឆ្ងាយពីគ្រឿងញៀន ដែលជាប្រភពនៃការបំផ្លាញអនាគត ធ្វើបាត់បង់ការសិក្សា ឃ្លាតឆ្ងាយពីគ្រួសារ និងសង្គមជាតិ ។
ក្នុងឱកាសនោះដែរ លោក ខាត់ ណារិទ្ឋ ចៅសង្កាត់ទន្លេបាសាក់ ក៏បានឧបត្ថម្ភដល់លោកគ្រូ អ្នកគ្រូ ដែលមានស្នាដៃ ចំនួន ៩នាក់ ក្នុងម្នាក់ៗ ចំនួន ១០ម៉ឺនរៀល អមដោយលិខិតសរសើរ ១សន្លឹក, សិស្សជាប់ចំណាត់ថ្នាក់លេខ១ ដល់លេខ៣ នៃអនុវិទ្យាល័យ ចំនួន ១៥នាក់ ក្នុងម្នាក់ៗ ថវិកា ១ម៉ឺនរៀល សៀវភៅ ៥ក្បាល ប៊ិច ២ដើម បន្ទាត់ ១ដើម និងសិស្សបឋមសិក្សា ចំនួន ៦៣នាក់ ក្នុងម្នាក់ៗ ថវិកា ២០០០រៀល សៀវភៅ ២ក្បាល ប៊ិច ២ដើម បន្ទាត់ ១ដើម ៕ សរស្មី