ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាប់ជាប់មណ្ឌលកែប្រែឱកាសខ្ញុំ ៤លើកមកហើយអត់ចេះរាងចាល លើកនេះប្រើដុំថ្មគប់ផ្ទះអ្នកជិតខាង ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ បានប្រើហិង្សាដោយយកដុំថ្មគប់ទៅលើផ្ទះអ្នកជិតខាងបណ្ដាលឲ្យខូចខាត និងមានការភ័យខ្លាច ក៏ប្តឹងមន្រ្តីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី លុះនៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនបុរសម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ ។

មន្ដ្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ជនបង្កឈ្មោះ អំ វិសាល អាយុ២០ឆ្នាំ ត្រូវបានសមត្ថកិច្ចជំនាញ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ នៅចំណុច ផ្ទះលេខ២២០ ផ្លូវលំ ភូមិត្នោត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រោះតែរូបគេតែងតែប្រើហិង្សា រករឿងអ្នកជិតខាង ព្រមទាំងយកដុំថ្មគប់ទៅលើផ្ទះអ្នកជិតខាង បណ្តាលឲ្យមានការខូចខាតបែកទ្វារកញ្ចក់ បង្អួចកញ្ចក់ និងបង្កជាការភ័យខ្លាចដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះ។ មិនត្រឹមតែប៉ុណ្ណោះ រូបគេថែមទាំងបានយកសោរចាក់ទ្វារផ្ទះជួលអ្នកជិតខាង ពីខាងក្រៅ ធ្វើឲ្យម្ចាស់ផ្ទះជាប់ក្នុងបន្ទប់ជាច្រើនម៉ោង ដោយសារខឹងឪពុករបស់ខ្លួន ដេញចេញពីផ្ទះ ។

ដោយឡែកជនដៃដល់ ក៏បានសារភាពថា រូបគេបានប្រាប់ឲ្យដឹងថា រូបគេធ្លាប់ប្រើប្រាស់គ្រឿងញៀន តាំងពីឆ្នាំ២០១៥មកម្ល៉េះ ដល់បច្ចុប្បន្នហើយថែមទាំងធ្លាប់ជាប់មណ្ឌលកែប្រែឱកាសខ្ញុំ ០៤លើកមកហើយដែរ ៕ ស រស្មី


ចែករំលែក៖