ភ្នំពេញ៖ សន្តិសុខហាងកាហ្វេយីហោ” ប្រ៊ោន” បានឃាត់ខ្លួនជនសង្ស័យម្នាក់ប្រគល់ឲ្យនគរបាលប៉ុស្តិ៍វត្តភ្នំ ខណៈដែលជននេះនឹងបក្ខពួកម្នាក់ទៀត បានធ្វើសកម្មភាពលួចមួកសុវត្ថិភាពរបស់បុគ្គលិកហាងកាហ្វេនេះ កាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ខាងក្រោយធនាគារកាណាឌីយ៉ា ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
ជនសង្ស័យខាងលើមានឈ្មោះ សុធា អាយុ២០ឆ្នាំ ជាជនអនាថា ស្នាក់នៅមិនពិតប្រាកដ ។
តាមប្រភពព័ត៌មានពីបុរសជាសន្តិសុខ ដែលយាមនៅទីតាំងកើតហេតុខាងលើ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺមានបុគ្គលិកម្នាក់បានស្រែកថា បាត់មួកសុវត្ថិភាពមួយ ដែលដាក់នៅលើម៉ូតូឈប់ចតនៅខាងមុខហាងកាហ្វេប្រ៊ោនខាងលើ ខណៈពេលដែលបុគ្គលិកទាំងអស់ដល់ម៉ោងត្រូវសម្រាក និងបិទទ្វារហាង ។ ភ្លាមៗនោះគាត់ ក៏ប្រទះឃើញជនសង្ស័យរួមជាមួយបក្ខពួកម្នាក់ទៀត កំពុងដើរបណ្តើរគ្នាដោយមានកាន់មួកសុវត្ថិភាព ចេញមកពីកន្លែងកើតហេតុ ។ ដោយមានការសង្ស័យគាត់បំរុងហៅជនសង្ស័យសួរនាំ ស្រាប់តែនាំគ្នាព្យាយាមរត់គេចខ្លួន រហូតដល់ត្រង់ចំណុចស្តុបR6 តាមបណ្តោយផ្លូវR6 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ទើបចាប់ជនសង្ស័យបានម្នាក់ និងដកហូវត្ថុតាងជាក់ស្តែង ។ ចំណែកបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុជនរងគ្រោះបានយកមួកសុវត្ថិភាពរបស់ខ្លួនវិញ ដោយមិនបានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំនោះទេ គឺគ្រាន់តែសូមឲ្យសមត្ថកិច្ចជួយធ្វើការណែនាំជនសង្ស័យ និងបញ្ជូនទៅមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញធ្វើការអប់រំបន្ត ៕ស រស្មី