ខេត្តកណ្ដាល៖ នារីម្នាក់ត្រូវបានប្រជាពលរដ្ឋជិតខាង ប្រទះឃើញដេកស្លាប់ក្នុងបន្ទប់របស់ខ្លួនយ៉ាងអាណោចអាធ័ម ដោយនៅលើខ្លួនប្រាណនារីរងគ្រោះមានកាសនៅជាប់នឹងត្រចៀក រួមទាំងឌុយសាកជាប់ប្រ៊ីភ្លើងជាមួយទូរស័ព្ទ ដោយសង្ស័យថា ការស្លាប់របស់នារីរងគ្រោះ បណ្ដាលមកឆ្លងចរន្ដអគ្គិសនី ។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលឡើង នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះជួលបន្ទប់លេខ៣២ ស្ថិតក្នុងភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្រ្ដីនគរបាលផ្នែកកោសល្យវិច្ច័យក្រុងតាខ្មៅបានឲ្យដឹងថា នារីរងគ្រោះឈ្មោះ អាន សុខណា ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការនីរោងចក្រ ទីកន្លែងកំណើតឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល ។ បច្ចុប្បន្នស្នាក់នៅផ្ទះជួលនៅភូមិឃុំកើតហេតុ។ ចំណែកវត្ថុតាងដែលសមត្ថកិច្ចធ្វើការដកហូតមាន៖ ដុំសាកទូរសព្ទ័ម៉ាកSamsung ពណ៌ស ចំនួន០១ ,ខ្សែកាស់ម៉ាក Samsung ពណ៌ស ចំនួន១ និងទូរសព្ទ័ម៉ាក Samsung LT ពណ៌ខ្មៅ ចំនួន១គ្រឿងផងដែរ ។
ប្រភពដដែលបន្ដថា តាមការបំភ្លឺរបស់ឈ្មោះ សុខ ផាន្នី ភេទស្រី អាយុ៣៤ឆ្នាំ ដែលជាកម្មការិនីធ្វើការជាមួយជនរងគ្រោះបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមិនឃើញនារីរងគ្រោះមកធ្វើការដូចសព្វមួយដង មានការងឿងឆ្ងល់ ក៏បានខលទៅជាងម៉ូតូឈ្មោះ ឡៅ កុសល ភេទប្រុស ដែលជាអ្នកជិតខាងនឹងជនរងគ្រោះឲ្យទៅជួយមើលបន្ទប់ជួលជនរងគ្រោះ ភ្លាមនោះឈ្មោះ ឡៅ កុសល ក៏បានទៅដល់បន្ទប់ជនរងគ្រោះ ដោយឃើញបិទទ្វារបង្អួច ចាក់គន្លឹះខាងក្នុង ហើយគោះទ្វារ អត់មានបើក មានការសង្ស័យបានខលហៅអ្នកធ្វើការនៅរោងចក្រឲ្យជួយមើល រួចក៏នាំគ្នាទាញបង្អួច ហើយលូតដៃបើកគន្លឹះបង្អួច និងគន្លឹះទ្វារបើក ស្រាប់តែឃើញជនរងគ្រោះដេកហើយក៏ដាស់ តែដាស់មិនក្រោក ដោយជនរងគ្រោះមានសភាពរឹងដៃ រឹងជើង ហើយនៅលើខ្លួនបា្រណជនរងគ្រោះមានកាស់ជាប់នឹងត្រចៀក និងទូរសព្ទ័មានសាកថ្មជាប់និងព្រីភ្លើង ក៏នាំគ្នាបិទឌីសង់ទ័រភ្លើង នាំគ្នាអង្រួនធ្វើចលនា តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ភ្លាមនោះក៏រាយការណ៍ជូនសមត្ថកិច្ចនគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការពិនិត្យសាកសពជនរងគ្រោះ ។
បន្ទាប់ពីសមត្ថកិច្ចនគរបាលក្រុងតាខ្មៅ បានទទួលព័ត៌មានខាងលើ ភ្លាមនោះ ក៏ចុះមកធ្វើការពិនិត្យ ដោយមានការចូលរួមពី នគរបាលប៉ុស្តិ៍រដ្ឋបាលសិត្បូ ,គ្រូពេទ្យ ,អាជ្ញាធរ រួចពិនិត្យឃើញថា សាកសពមានសភាពធម្មតា ធ្មេញខាំអណ្តាតប្រឹង ហើយពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សំគាល់ទេ ដោយសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆ្លងចរន្តអគ្គីសនីបណ្តាលឲ្យស្លាប់ប្រាកដមែន ។ ក្រោយពីពិនិត្យរួច សាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ