ខេត្តកំពង់ធំ: ស្រ្តីម្នាក់ខណៈយកខ្សែភ្លើងដោតព្រីភ្លើងចំកន្លែងប្រេះបែកបណ្តាលឲ្យឆ្លងចរន្តឆក់ស្លាប់យ៉ាងអាណោចអាធម័ម ដោយមិនមានអ្នកណាជួយសង្រ្គោះទាន់ឡើយ ។
ហេតុការណ៍នេះកើតឡើងកាលពី វេលាម៉ោង ៧ និង ៣៥នាទី យប់ថ្ងៃ ព្រហស្បត្តិ៍ ៤កើត ខែកក្តិក ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹង ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅភូមិពោធិ៍ខាវ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ។
មន្រ្តីនគរបាល ស្រុកសន្ទុក បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វិន ផែន ភេទស្រី អាយុ ៣០ ឆ្នាំ រស់នៅភូមិ/ឃុំខាងលើ។ មុនពេលកើតហេតុ ផ្ទះជនរងគ្រោះមានភាពងងឹត ធ្វើឲ្យជនរងគ្រោះដើរទៅយកខ្សែភ្លើងមកដោតព្រីភ្លើងដើម្បីបំភ្លឺអំពូលឲ្យភ្លឺ តែចៃដន្យចំកន្លែងប្រេះបែក បណ្តាលឲ្យត្រូវខ្សែភ្លើងឆ្លងចរន្តឆក់ស្លាប់ភ្លាមតែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះដល់ទីតាំង ធ្វើកោសល្យវិច័យឃើញថាជនរងគ្រោះពិតជាស្លាប់ដោយខ្សែភ្លើងឆក់ប្រាកដមែន ក៏បានប្រគល់សពឲ្យគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕ ប្រាថ្នា