ខេត្តសៀមរាបៈ ទីបំផុតអាជ្ញាធរជាតិអប្សរា សហការជាមួយអាជ្ញាធរខេត្ត.ក្រុង ធ្វើការវាយកំទេចចោលសំណង់ដែលសាងសង់បំពានលើបុរាណដ្ឋាន “ត្រពាំងហែផ្កា” ក្នុងមូលដ្ឋាន សង្កាត់ជ្រាវ ក្រុងសៀមរាប ក្រោយជូនដំណឹងតែម្ចាស់មិនព្រមរុះរើដោយខ្លួនឯង (តែការរុះរើសនេះហាក់ដូចជាមិនសម្រេចនោះទេ)ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
ក្នុងហេតុការណ៍នេះកម្លាំងសមត្ថកិច្ចចម្រុះ បានឈរហែរហម និងត្រៀមទប់ស្កាត់ខ្លាចក្រែងមានអំពើហិង្សា ខណៈនោះ គ្រឿងចក្រក៏បានត្បុលវាយទម្លុះរបងថ្ម និងសំណង់ផ្ទះ ដែលជាប្រភេទសំណង់រឹងរបស់បុគ្គលឈ្មោះ ឃន់ សុខន តែម្តង។
ប៉ុន្តែក្នុងពេលជាមួយគ្នានោះ ក្រុមអ្នកគាំទ្រម្ចាស់សំណង់ បានផ្ទុះកំហឹង ទាញដំថ្មគប់ទៅលើតៃកុងគ្រឿងចក្រ រហូតពន្លត់ម៉ាស៊ីនចុះរត់ ដែលមើលទៅហាក់បីដូចជា មហាបាតុកម្មអីចឹង។
ក្រៅពីអ្នកគាំទ្រម្ចាស់សំណង់ ប្រើហិង្សាដោយគប់ដំថ្ម គេឃើញសកម្មជនហ្វេសប៊ុកពីររូប ដែលទី១រូបគាត់ផ្ទាល់ស្រែកថា “អញឈ្មោះស្អែកស្លាប់ អញជាអ្នកការពារយុត្តិធម៌។ ពួកអាជ្ញាធរឯងធ្វើបាបពលរដ្ឋ។” ក្នុងគ្រាដែលបុរសឈ្មោះស្អែកស្លាប់ រត់ដេញចាប់តៃកុងគ្រឿងចក្រ ក្រុមសមត្ថកិច្ចជាច្រើននាក់ បានត្រឹមឈរមើល ហើយសកម្មជនហ្វេសប៊ុកទាំងពីររូប ក៏បន្តស្រែកឡូឡា ផ្អើលពលរដ្ឋក៏ដូចជាក្រុមប្រតិបត្ដិការ ។
នៅពេលបន្ទាប់ក្រុមសមត្ថកិច្ចចម្រុះ ក៏ផ្អាកសម្មភាពរុះរើ។ ក្នុងករណីនេះ គេនៅមិនទាន់ដឹងថា ក្រុមសមត្ថកិច្ចអស់លទ្ធភាព ក្នុងការអនុវត្ត ឬក៏រង់ចាំទទួលបញ្ជាថ្មីនោះទេ។
ក្នុងប្រតិបត្ដិការនេះ គេមិនឃើញមានវត្តមានម្ចាស់សំណង់ទាំងបីរូបនោះទេ តែហាក់មានអ្នកមកចាំគាំទ្រ និងរារាំងច្រើន។ ជាមួយគ្នានោះគេឃើញមានវត្តមាន លោក ស៊ុន សេន ស្នងការរងខេត្តសៀមរាប ចុះមកសម្របសំរួលនិងទទួលរ៉ាបរងយកបញ្ហាទាំងនេះដើម្បីអោយថ្នាក់លើជួយដោះស្រាយ តែដំណោះស្រាយយ៉ាងណានោះយើងនៅរង់ចាំមើលតាមក្រោយ ៕ ប៊ុនរិទ្ធី