ខេត្តសៀមរាបៈ ជនជាតិអង់គ្លេសម្នាក់ប្រើអំពើហិង្សាដោយចេតនា ដោយយកដបស្រាវាយទៅលើជនរងគ្រោះ ត្រូវចំថ្ពាល់ខាងស្តាំ និងស្មាខាងស្ដាំបណ្តាលឲ្យបែកហូរឈាម កាលពីវេលាម៉ោងប្រហែល ០១និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅលើផ្លូវមាត់លូ ភូមិ ស្ទឹងថ្មី សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាបខេត្តសៀមរាប ត្រូវបានសមត្ថកិច្ចជួយអន្តរាគមន៍និងឃាត់ខ្លួនជនសង្ស័យបញ្ជូនមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត។
សមត្ថកិច្ចបានអោយដឹងថា ជនបរទេសរូបនេះឈ្មោះDOWNER JARED MARTIN ភេទ ប្រុស កើតថ្ងៃទី ៣០-០៨-១៩៨៩ ជនជាតិ អង់គ្លេស កាន់លិខិតឆ្លងដែនលេខ៥៣៧៦៤០២២២ មុខរបរ គ្មាន ស្នាក់នៅសណ្ឋាគារ Siem Reap Chilled Backpacker ភូមិ វត្តបូព៌ សង្កាត់ សាលាកំរើក ក្រុង/ខេត្តសៀមរាប(មានសារធាតុញៀន)។
ជនរងគ្រោះឈ្មោះ អឿត សំណាង ភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ អ្នករត់រ៉ឺម៉កម៉ូតូកង់បី ទីលំនៅភូមិ ជ្រាវ សង្កាត់ ជ្រាវ ក្រុង/ខេត្តសៀមរាប។បច្ចុប្បន្នជនបរទេសរូបនេះត្រូវបានលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបសម្រេចឲ្យឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តការសាកសួរនិងរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី៕ ប៊ុនរិទ្ធី