ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងបើកល្បែងអនឡាញភ្នាល់បាល់ខុសច្បាប់ ជ្រកក្រោមហាងកាហ្វេមួយកន្លែងនៅសង្កាត់ផ្សារដេប៉ូ៣ គ្មានសមត្ថកិច្ចបង្ក្រាប

ចែករំលែក៖

ភ្នំពេញ៖ ហាងកាហ្វេមួយកន្លែង ស្ថិតនៅផ្ទះលេខ ៨៩E0 ផ្លូវលេខ២៣៣ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក បានបន្លំភ្នែកប្រជាពលរដ្ឋលួចបើកល្បែងស៊ីសងខុសច្បាប់ អនឡាញភ្នាល់បាល់យ៉ាងគគ្រឹកគគ្រេងហាក់ដូចជាមិនខ្វល់ និងខ្លាចរអាជ្ញាធរខណ្ឌទួលគោកបន្តិចសោះ ។

តាមប្រជាពលរដ្ឋដែលលក់ដូរក្បែរនោះបានលួចបង្ហើបប្រាប់ថា ជារៀងរាល់ថ្ងៃគេតែងតែឃើញមនុស្សម្នាចេញចូលទីតាំងខាងលើយ៉ាងច្រើនកុះករ ដែលដំបូងស្មានតែគេចូលផឹកកាហ្វេ តែតាមពិតគឺក្រុមមនុស្សទាំងនោះ បានចូលទៅលេងល្បែងភ្នាល់បាល់តាមអនឡាញ ដែលបើកនៅក្នុងហាងកាហ្វេនោះសោះ ព្រោះថាទីតាំងនោះទំនងជាត្រូវរូវគ្នាជាមួយអាជ្ញាធរ ឬសមត្ថកិច្ចគ្រប់ថ្នាក់អស់ហើយមើលទៅ បានជាគ្មានអ្នកបង្ក្រាបសោះ ។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០១៩-២០២០ និង ពិធីចែករង្វាន់ដល់សិស្សពូកែរាជធានីភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០១៨-២០១៩ នៅវិទ្យាល័យជាស៊ីមសន្ធរម៉ុក ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក បានមានប្រសាសន៍លើកឡើងថា ក្នុងនាមលោកជាអាជ្ញាធរដែនដីរាជធានីភ្នំពេញ លោកសន្យាថា នឹងលុបបំបាត់ល្បែងស៊ីសង ប្រភេទ ហ្គេមបាញ់ត្រីឲ្យអស់នៅក្នុងរាជធានីភ្នំពេញ ព្រោះវាបានធ្វើអោយ សិស្សានុសិស្សគេចសាលារៀន ។ដូច្នេះទេអាជ្ញាធរខណ្ឌទាំង១៤និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវមានវិធានការលុបបំបាត់ល្បែងប្រភេទនេះអោយអស់ពីក្នុងអាណាចក្ររបស់ខ្លួន ។

លោកឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា កន្លងមកនេះយើងបានអនុវត្តរួចហើយជុំវិញការបង្រ្កាបល្បែងហ្គេមបាញ់ត្រីនេះ ហើយរាល់ការបង្ក្រាប កម្លាំងមានសមត្ថកិច្ចរបស់យើង បានត្រឹមតែដកហូតទូរហ្គេមនិងបិទទីតាំងប៉ុណ្ណោះ។ ប៉ុន្តែចាប់ពីពេលនេះតទៅយើងត្រូវតែមានវិធានការក្តៅជាងមុន ពោលគឺត្រូវចាប់ម្ចាស់ទូរហ្គេមនោះអោយបាន ទោះជាអ្នកមើលការខុសត្រូវស៊ីប្រាក់ខែគេក៏ដោយ យើងត្រូវតែឃាត់យកមកសួរនាំ ដើម្បីឈានទៅដល់ការចាប់ម្ចាស់ទូរហ្គេមមកដាក់ទោសទៅតាមច្បាប់។ ក្រៅពីការសន្យា លើការបង្ក្រាបល្បែងស៊ីសងអោយខាងតែបានហើយនោះពាក់ព័ន្ធនឹងគ្រឿងញៀនក៏ជាចំណុចដែលអាជ្ញាធររាជធានីភ្នំពេញ មានវិធានការបង្ក្រាបយ៉ាងពេញទំហឹងផងដែរ ពោលគឺធ្វើយ៉ាងណាអនុវត្តអោយបាននូវគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ។

ដោយឡែកពាក់ព័ន្ធករណីល្បែងស៊ីសងខាងលើ ប្រជាពលរដ្ឋរង់ចាំមើលថា តើប្រសាសន៍លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឲ្យអនុវត្តបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋានខណ្ឌទួលគោក តែមានប្រសិទ្ធភាពដែរឬទេ ៕ស តារា


ចែករំលែក៖