ព័ត៌មានទាន់ហេតុការណ៍៖

កម្មករឃ្លាំងអេតចាយ២នាក់ ដឹកសំរាមយកទៅដុតក្បែរផ្លូវរថភ្លើងឆេះផ្សែងហុយខ្មួលខ្មាញ់ ផ្អើលសមត្ថកិច្ចទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋនិងសមត្ថកិច្ចសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ បាននាំគ្នាភ្ញាក់ផ្អើលទាំងព្រឹក បន្ទាប់ពីមានផ្សែងហុយខ្មួលខ្មាញ់យ៉ាងខ្លាំងស្មានតែមានករណីភ្លើងឆេះផ្ទះប្រជាពលរដ្ឋ ប៉ុន្តែការពិតគឺបុរស២នាក់ ដែលជាកម្មករឃ្លាំងអេតចាយ ដឹកសំរាមយកទៅដុតកម្ទេចចោលសោះ ។

ករណីភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមផ្លូវរថភ្លើងខ្សែភ្នំពេញ-កំពត ស្ថិតនៅក្បែរភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

យោងតាមមន្រ្តីនគរបាលប៉ុស្តិ៍សំរោងក្រោម បានឲ្យដឹងថា មុនពេលកើតហេតុ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ មានប្រជាពលរដ្ឋរាយការណ៍មកថា ដូចជាមានករណីភ្លើងឆេះផ្ទះឬក៏ឆេះឃ្លាំងនោះទេ ស្ថិតនៅចំណុចក្បែរនិងផ្លូវរថភ្លើង ដោយមានផ្សែងហ៊ុយយ៉ាងខ្មួលខ្មាញ់ ។ ភ្លាមនោះកម្លាំងសមត្ថកិច្ចមានការព្រួយបារម្ភ ក៏ប្រកាសតាមវិទ្យុទាក់ទងសុំឲ្យកម្លាំងនគរបាលការិយាល័យពន្លត់អគ្គិភ័យជួយធ្វើអន្តរាគមន៍ផងដែរ ចំណែកកម្លាំងនគរបាលមូលដ្ឋាល បានចុះទៅពិនិត្យផ្ទាល់នៅកន្លែងកើតហេតុ ។

ប្រភពដដែលបន្តថា លុះពេលកម្លាំងសមត្ថកិច្ចចុះទៅដល់ចំណុចកើតហេតុ ស្រាប់តែបានឃើញយុវជន២នាក់ ជាកម្មករឃ្លាំងអេតចាយនៅក្បែរនោះ កំពុងនាំគ្នាដុតសំរាមដូចជា ស្នោរ កម្ទេចកម្ទីរជ័រ និងធុងប្រេងសោះ ក៏ហួសចិត្តរួចបានរាយការណ៍ជូនទៅថ្នាក់លើតាមទិដ្ឋភាពជាក់ស្ដែង ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការណែនាំឲ្យយុវជនទាំង២នាក់នោះ ឈប់យកសំរាមមកដុតផ្ដេសផ្ដាសបែបនេះទៀត រួចក៏ឲ្យប្រឡប់ទៅផ្ទះវិញ ៕ សុខា សែនជ័យ


ចែករំលែក៖