ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន បានថ្លែងនៅលើបណ្តាញសង្គមដូច្នេះថា៖
«សុខសប្បាយជាទេបងប្អូនជនរួមជាតិ?
នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ខ្ញុំនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធមួយចំនួន នៅទីក្រុងបាងកក ប្រទេសថៃ ក្រោមមូលបទ «ជំរុញភាពជាដៃគូសម្រាប់ចីរភាព»។
កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀត គឺមានសារសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជាក៏ដូចជាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ឬហៅថា អាស៊ាន។ នេះជាឱកាសរបស់កម្ពុជាក្នុងការចូលរួមពិភាក្សាដោះស្រាយបញ្ហាដែលជាកង្វល់រួមរបស់អាស៊ាន និងពិភពលោក។ ស្របពេលនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ នេះ ខ្ញុំនឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំ និងឥស្សរជនសំខាន់ៗមកពីប្រទេសជាសមាជិកអាស៊ាន និងប្រទេសដៃគូសន្ទនាអាស៊ានមួយចំនួនទៀតផង។
សូមអញ្ជើញបងប្អូនជនរួមជាតិ និងភ្ញៀវទេសចរអន្តរជាតិមកចូលរួមកំសាន្តសប្បាយនៅក្នុងថ្ងៃបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និង ក្នុងថ្ងៃបុណ្យអុំទូក អកអំបុក សំពះព្រះខែ ចាប់ពីថ្ងៃទី ១០ -១២ វិច្ឆិកា ២០១៩ ខាងមុខនេះ។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ, សេចក្តីចម្រើន និងសំណាងល្អគ្រប់ៗគ្នា» ៕