ភ្នំពេញ ៖ បុរសម្នាក់បាន បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗយ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ខណៈកំពុងជិះម៉ូតូមួយគ្រឿងត្រូវរថយន្តកុងតឺន័របើកបត់ឆ្លងផ្លូវទៅបុក និងកិនពេញទំហឹង រួចព្យាយាមបើករត់គេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១២និង១០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចស្ពានដែកចំការដូង តាមបណ្តោយផ្លូវ ២១៧កែង និងផ្លូវ ៣៧១ ក្នុងសង្កាត់ស្ទឹងមានជ័យ ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សពជនរងគ្រោះ និងអ្នករបួសធ្ងន់មិនស្គាល់អត្តសញ្ញាណនៅឡើយទេ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តកុងតឺន័រមួយគ្រឿងមិនចាំស្លាកលេខបើកតាមវណ្តោយផ្លូវ t ២១៧ ទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងដៃឆ្លងទៅផ្លូវ ៣៧១ ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកឌ្រីម សង់ស៊េរីឆ្នាំ ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1D-2312 ជិះដោយបុរសពីរនាក់បញ្ច្រាសទិសដៅគ្នាពីត្បូងទៅជើងពេញទំហឹងរួចកិនបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ។ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យសួគ៌ាភ្លាមៗ ។ រីឯរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេបាទព្យាយាមបើករត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមក វាស់វែងយកម៉ូតូទៅរក្សាទុកបណ្ដោះអាសន្នទុករង់ចាំប្រគល់ជូនសាច់ញាតិវិញ ។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ ភារ៉ា ដង្កោ