ភ្នំពេញ៖ សិស្សវិទ្យាល័យឥន្ទ្រៈទេវីម្នាក់ ថ្នាក់ទី១២ និងសិស្សវិទ្យាល័យជា ស៊ីមសន្ធរម៉ុក ២នាក់ ថ្នាក់ទី១០ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវតាមចាប់ខ្លួនបានជាបន្តបន្ទាប់ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពឆក់កាបូបស្ពាយ ស្រ្តីម្នាក់ដែលជាក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែមិនបានសម្រេចបណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួស ។
យោងតាមមន្រ្តីការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបង្ហាញមុខជនសង្ស័យខាងលើនេះ កាលពីរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញថា មុនឈានទៅដល់ការឃាត់ខ្លួនពួកគេទាំង៣នាក់នេះ គឺនៅព្រឹកថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០១៩ ជនសង្ស័យចំនួន៣នាក់ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារប្រើអំពើហិង្សា (ឆក់កាបូបស្ពាយ មិនបានសម្រេចបណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួស) ប្រព្រឹត្តនៅចំណុចមុខមុខយានដ្ឋានT.C AUTO CAR ផ្លូវលេខ៥៩៨ ក្រុម៤ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ បន្ទាប់មកជនរងគ្រោះបានដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចជួយស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យខាងលើនេះ បាន២នាក់ភ្លាមៗ ។ លុះនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង២ និង៣៥នាទីរសៀល កម្លាំងជំនាញបានបញ្ជូនជនសង្ស័យ២នាក់មកសាកសួរនៅការិយាល័យ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ក៏ឃាត់ខ្លួនបក្ខពួកម្នាក់ទៀត យកមកចាត់ការតាមនីតិវិធីច្បាប់ ។
មន្រ្តីដដែលបន្តថា ជនសង្ស័យទាំង៣នាក់ ទី១-ឈ្មោះ លីន រស្មី ហៅ ស្មីតូច ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សវិទ្យាល័យសន្ធរម៉ុក ស្នាក់នៅផ្ទះលេខ១៦ ផ្លូវលេខ២៥៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឃាត់ខ្លួននៅថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០១៩ វេលាម៉ោង ១ និង៣០ នាទីរសៀល នៅចំណុចផ្ទះគ្មានលេខ ផ្លូវរថភ្លើង សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ទី២-ឈ្មោះ ជា ម៉េងគៀង ហៅ ប៊ី ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យឥន្ទ្រៈទេវី ថ្នាក់ទី១២ ស្នាក់នៅផ្ទះលេខ៣អឺ ផ្លូវបេតុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ខ្លួននៅថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០១៩ វេលាម៉ោង ១ និង៣០ នាទីរសៀល នៅចំណុចផ្ទះគ្មានលេខ ផ្លូវរថភ្លើង សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងទី ៣-ឈ្មោះ សុខ ឧត្តម ហៅ ប៉ែត ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យសន្ធរម៉ុក ថ្នាក់ទី១០ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលេខ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ខ្លួននៅថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៩ វេលាម៉ោង៤ និង៤០ នាទីរសៀល នៅចំណុចផ្សារល្វេ ផ្លូវជាតិលេខ២ ភូមិល្វេថ្មី ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ ។
ដោយឡែកជនរងគ្រោះ ឈ្មោះ សាន សាក់នី ភេទស្រី ជនជាតិ ខ្មែរមុខរបរ ក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញមានទីលំនៅផ្ទះលេខ២ដេ ផ្លូវលេខ១៩៥៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវកម្លាំងនគរបាលការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕ស រស្មី