ខេត្តប៉ៃលិន៖ លោក ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទសូមចូលរួមថែរក្សាសុខសន្តិភាព ដែលមានស្រាប់ឲ្យស្ថិតស្ថេរគង់វង្សព្រមទាំងរួមគ្នាប្រឆាំងដាច់ខាតនៅឧបាយកល របស់ក្រុមឧទ្ទាមក្រៅច្បាប់ដែលចង់ផ្តូលរលំរាជរដ្ឋាភិបាលស្រប។
លោកមានប្រសាសន៍បែបនេះ ក្នុងពិធីសំណោះសំណាល និងត្រួតពិនិត្យកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងបរិវេណសាលាខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត, ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត, ប្រធានអង្គភាពតាមមន្ទីរស្ថាប័នជំវិញខេត្ត, មេបញ្ជាការរងយោធិភូមិភាគទី៥, ស្នងការនគរបាលខេត្តប៉ៃលិន, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត,មេបញ្ជាការតំបន់ប្រតិបិត្តការរងខេត្តនិងសមត្ថកិច្ចទាំងបីស្ថាប័នសរុបជាង៣០០នាក់។
លោកបានមានប្រសាសន៍លើកឡើងបន្ថែមថាក្នុងនាមជាកងកម្លាំងសមត្ថកិច្ចត្រូវចូលរួមឲ្យខានតែបាននូវការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពនៅក្នុងខេត្ត ព្រមទាំងលើកកម្ពស់នូវវិធានការទប់ស្កាត់ការប៉ុនប៉ងរបស់ពួកក្បត់ជាតិ ដែលចង់ផ្តួលរំលំរបបរាជានិយម និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតជាតិ។
លោកអភិបាលខេត្តបានមានប្រសាសន៍បន្តថាកន្លងមកក្រុមឧក្រិដ្ឋជនក្បត់ជាតិ បានចេញនូវព័ត៌មានក្លែងក្លាយដើម្បីបំពុលសង្គមក្នុងនោះពាក់ព័ន្ធមេបញ្ជាការមេបញ្ជាការរងយោធិភូមិភាគទី៥ជាពិសេសថ្មីៗនេះវាបានបំប៉ោងព័ត៌មានថា៖សុទ្ធតែពលករដែលធ្វើការនៅប្រទេសថៃនាំគ្នាសម្រុកចេញតាមច្រកទ្វារអន្តរជាតិប៉ាឡែមស្រុកកំរៀងខេត្តបាត់ដំបងទៀតផងដោយព័ត៌មានទាំងនេះសុទ្ធតែមិនពិតទាំងអស់។
ក្នុងឪកាសនោះ លោកអភិបាលខេត្តក៏ក្រើនរំលឹកដល់សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុង/ស្រុក/ខេត្ត/សូមផ្អាកការផាកពិន័យលើអ្នកបើកបរគ្រប់ប្រភេទសិនប៉ុន្តែត្រូវពង្រឹងលើរថយន្តធំៗ ដែលបើកបរចូលក្រុងប៉ៃលិនវិញព្រោះកន្លងរដ្ឋបាលខេត្តបានចេញសារាចរណ៍ណែនាំរួចហើយដែរ ពាក់ព័ន្ធនឹងរថយន្តធំៗទាំងនោះ គឺមិនឲ្យបើកបរចូលក្រុងប៉ៃលិនឡើយ។
ជាចុងបញ្ចប់ លោកអភិបាលខេត្តក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តប៉ៃលិន សូមកុំមានការភ្ញាក់ផ្អើល និងព្រួយបារម្ភប្រសិនជាមានការចល័តកម្លាំងណាមួយព្រោះនេះជាការហ្វឹកហ្វឺនបង្កើនសមត្ថភាពប្រសិទ្ធភាពដើម្បីថែរក្សាសុវត្ថិភាពសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋយើងតែប៉ុណ្ណោះ ។
សូមបញ្ជាក់ថា៖ ក្នុងឱកាសនោះផងដែរ ក៏មានការផ្តល់នូវអំណោយ និងលើកទឹកចិត្តពីព្រះសង្ឃទាំងពីរគណៈ ព្រមទាំងប្រធានអង្គភាពតាមមន្ទីរស្ថាប័នជុំវិញខេត្តប៉ៃលិនផងដែរ ៕ ស សារ៉េត