ព័ត៌មានទាន់ហេតុការណ៍៖

មុនពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ ! នាយករដ្ឋមន្ត្រី៣ប្រទេស កម្ពុជា-វៀតណាម-ឡាវ ពិភាក្សាគ្នាកិច្ចការសំខាន់ជាច្រើន

ចែករំលែក៖

ថៃ៖មុនពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ នៅទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃ , សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក ង្វៀន សួនហ្វុក នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា នេះ អញ្ជើញទទួលទានអាហារពេលព្រឹក រួមគ្នា ដើម្បីពិភាក្សាកិច្ចការសំខាន់មួយចំនួន ជាពិសេសគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអោយកាន់តែប្រសើរឡើង ។

នេះបើយោងតាមហ្វេសប៊ុកផេក សម្តេចតេជោ ហ៊ុន សែន ។

នៅក្នុងពិធីទទួលទានអាហារពេលព្រឹកការងារនេះ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំង៣ គឺ កម្ពុជា-វៀតណាម-ឡាវ បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើការរឹតចំណងសាមគ្គីភាព និង កិច្ចសហប្រតិបត្តិការ នៃប្រទេសទាំង៣ ពិសេសការរិះរកគ្រប់មធ្យោបាយ ក្នុងការជំរុញកិច្ចអភិវឌ្ឍ សម្រាប់ប្រទេសទាំង៣ ដែលក្នុងនោះភាគីទាំង៣ បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ លើការបន្តរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីធានាសន្តិភាព ស្ថិរភាព ក្នុងការជំរុញកំណើន នៃការអភិវឌ្ឍប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម។

នៅក្នុងជំនួបពិភាក្សាអាហារពេលព្រឹកការងារនោះដែរ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំង៣ក៏បានធ្វើការពិនិត្យរួមគ្នាការងារជាអាទិភាពមួយចំនួន សម្រាប់គម្រោងអាទិភាពនៃការអភិវឌ្ឍឲ្យមានការតភ្ជាប់និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ខាងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអោយកាន់តែទទួល បាន នូវការលើកកម្ពស់ និងមានជីវភាពកាន់តែប្រសើរឡើង៕ ចេស្ដា


ចែករំលែក៖