ខេត្តសៀមរាប៖ ពិតជាចម្លែកណាស់ កន្លែងទទួលផ្ញើម៉ូតូមួយកន្លែង ប្រជាពលរដ្ឋយកម៉ូតូទៅផ្ញើពេលចេញមកយកម៉ូតូវិញស្រាប់តែបាត់ទាំងម៉ូតូ បាត់ទាំងអ្នកទទួលបញ្ញើរ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅមុខមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ស្ថិតនៅក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
សមត្ថកិច្ចបានអោយដឹងថា ស្ត្រីម្ចាស់ម៉ូតូ មានឈ្មោះ ស៊្រុន ទេវី អាយុ២៦ឆ្នាំ ស្រុកកំណើតនៅតាកែវ បច្ចុប្បន្នរស់នៅក្រុងសៀមរាប ខេត្តសៀមរាប បានបាត់ម៉ាកស៊ុយ ហ្សាគី ឡែត សេរី២០១៨ ពណ៌ក្រហមស ពាក់ស្លាកលេខ១GW១៨៨៥។
បើតាមស្ត្រីម្ចាស់ម៉ូតូ បានឲ្យដឹងថា នៅថ្ងៃកើតហេតុខ្លួននិងមិត្តភ័ក្ក២នាក់ទៀត បានជិះឌុបគ្នាទៅដើរលេងនៅតំបន់ផាប់ស្ទ្រីត ប្រហែលម៉ោង១០ជាងយប់ ហើយបានផ្ញើនៅចំណុចកើតហេតុ ដោយមានសំបុត្រផ្ញើ ក្នុងនោះកន្លែងទទួលផ្ញើនោះក៏ឃើញមានម៉ូតូជិត១០គ្រឿងផងដែរ លុះវេលាម៉ោងជាង១១យប់ថ្ងៃដដែល ខ្លួននិងមិត្តភ័ក្ក បានមកយកម៉ូតូវិញ ស្រាប់តែ មិនឃើញម៉ូតូនិងអ្នកទទួល។
ក្រោយមករូបគាត់បានទៅ ប្ដឹងនៅកន្លែងសមត្ថកិច្ចនៅជិតកន្លែងកើតហេតុហ្នឹង ដើម្បីសូមជួយអន្តរាគមន៍ស្រាវជ្រាវរកប៉ុន្តែរកមិនឃើញ លុះថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០១៩គាត់បានទៅប្ដឹងនៅប៉ុស្ដិ៍នគរបាល សង្កាត់ស្វាយដង្គំដើម្បីសូមជួយឲ្យរក។ ស្ត្រីម្ចាស់ម៉ូតូ បានសំណូមពរដល់អាជ្ញាធរនិងសមត្ថកិច្ច ជួយស្រាវជ្រាវ រកម៉ូតូជូនពួកគាត់វិញផង និងបានសូមដល់អាជ្ញាធរសមត្ថកិច្ចមេត្តារឹតបន្តឹងកន្លែងផ្ញើម៉ូតូផងចៀសវាងកើតមានហេតុការណ៍ដូចរូបគាត់ទៀត ។
ពាក់ព័ន្ធករណីខាងលើនេះ នាយប៉ុស្ដិ៍នគរបាលសង្កាត់ស្វាយដង្គំ មិនទាន់បញ្ជាក់លម្អិតចំពោះហេតុការណ៍ នេះនៅឡើយទេ ដោយបានប្រាប់តាមទូរសព្ទ នៅរសៀលថ្ងៃនេះថា នៅកន្លែងមិនសូវមានសេវា ៕ ប៊ុនរិទ្ធី