ខេត្តស្ទឹងត្រែង: លោកម៉ុម សារឿន អភិបាលខេត្ត និងលោកស្រីគង់ សំអាត ត្រូវជាភរិយាបានផ្តួចផ្តើម ធ្វើបុណ្យកាន់អង្គកឋិនទានសាមគ្គី ដង្ហែទៅកាន់វត្តពីរផ្សេងគ្នា ១វត្តបុព្វតាយារាម ហៅវត្តច្រប់ ស្ថិតនៅក្នុងឃុំក្បាលរមាស និងមួយទៀតវត្តជ័យមង្គល ហៅវត្តកំភុន ស្ថិតនៅក្នុងឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃអាទិត្យ ៧កើត ខែកក្តឹក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅគេហដ្ឋានលោកអភិបាលខេត្តផ្ទាល់ ហើយនិងរៀបចំក្រុងពាលី ធ្វើបទនមស្សការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងស្តាប់ព្រះធម៌ទេសនាសម្តែងដោយព្រះរាជអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចព្រះវនរ័តកិត្តិឧទ្ទេសបណ្ឌិត ណយ ច្រឹក ព្រះសង្ឃនាយករងទី៣ អនុប្រធានទី១ ថេរៈសភាព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា។
លុះព្រឹកថ្ងៃច័ន្ទ ខែ៨កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកម៉ុម សារឿន និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងពុទ្ធបរិស័ទ្ធជិតឆ្ងាយបាន ដង្ហែអង្គកឋិនទានទៅកាន់វត្ត វត្តបុព្វតាយារាម ហៅវត្តច្រប់ និងវត្តជ័យមង្គល ហៅវត្តកំភុន ដោយបានរួមគ្នាដង្ហែប្រទក្សិណព្រះវិហារ ចំនួន៣ជុំ ទៅតាមប្រពៃណី នៃពុទ្ធសាសនាយ៉ាងអធិកអធមក្រៃលែង។
ឆ្លៀតនៅក្នុងឱកាសនោះដែរ លោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញពិនិត្យមើលសមិទ្ធិផលនានានៅក្នុងវត្ត ព្រមទាំងសម្តែងការកោតសរសើរដល់ប្រជាពលរដ្ឋក្នុងខេត្តទាំងមូលក៏ដូចជាពុទ្ធបរិស័ទ្ធចំណុះជើងវត្តទាំងពីរ ដែលបានចូលរួមជាកម្លាំងមហាសាមគ្គី ធ្វើបុណ្យសន្សំបច្ច័យ នឹងពិធីរបុណ្យផ្សេងៗទៀតជាច្រើន ដែលព្រះសមាសម្ពុទ្ធបានបញ្ញាត្តិទុក ជាតំណរៀងមក។
ក្រោយពីរព្រះភក្ខុសង្ឃចូលកាន់ព្រះវស្សា អស់ត្រីមាស ទើបបង្កើតជាអង្គកឋិននេះឡើង ដោយមានអនិសង្ឃរយ:ពេល១ខែពេញ សម្រាប់ពុទ្ធបរិសទ្ធទាំងឡាយ កាន់អង្គកឋិនទាននេះ ដើម្បីដង្ហែយកទៅវេរប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា អស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តបុព្វតាយារាម និងវត្តជ័យមង្គល ព្រមទាំងបានចូលជាធនធានថវិការតាមកម្លាំងសទ្ធាជ្រះថ្លាសម្រាប់យកមកកសាង សមិទ្ធផលបន្ថែមនៅក្នុងវត្ត ទាំងពីរ នេះឲ្យមានភាពរីកចំរើនបន្ថែមទៀត។
លោកអភិបាលខេត្តបានប្រសិទ្ធិពរជ័យដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងពុទ្ធបរិស័ទ ដែលមានសទ្ធាជ្រះថ្លាចូលរួមថវិកាក្នុងអង្គកឋិនទាននេះ សូមឲ្យមហាអង្គកុសលផលបុណ្យ និងវត្ថុសាកសិទ្ធក្នុងលោក តាមជួយថែរក្សា ឲ្យជួបតែសេចក្តីសុខគ្រប់ប្រការជារៀងរហូត។
សូមបញ្ជាក់ថា បច្ច័យបានមកពីរកឋិនទាន ដែលផ្តួចផ្តើមឡើងដោយលោកអភិបាលនៃគណៈអភិបាលខេត្តទទួលបាន នឹងបានបច្ច័យកសាងសរុបចំនួន ១៣៣,៣៨៨៩០០រៀល ក្នុងនោះប្រគេនវត្តបុព្វតាយាមរាមចំនួន ៨៣លានរៀល និងវត្តជ័យមង្គល ៥០,៣៨៨៩០០រៀល ព្រមទាំងបច្ច័យមួយចំនួនទៀត ប្រគេនព្រះចៅអធិការវត្តនិងព្រះសង្ឃផងដែរ ៕ មាស សុផាត