ព័ត៌មានទាន់ហេតុការណ៍៖

ពង្រាត់កូនក្រមុំគេច្រើនខែ ម្តាយខាងស្រីប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ខេត្តព្រះវិហារ: កម្លាំងនគរ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តព្រះវិហារបានឲ្យដឹងថា ក្រោយពីបានទទួលពាក្យបណ្តឹងពីឈ្មោះ នុន សុខឃឿន ភេទស្រី អាយុ ៤៩ឆ្នាំ មុខរបរ កម្មករជៀជ័រកៅស៊ូ ត្រូវជាម្តាយជនរងគ្រោះ បានប្តឹងទៅលើឈ្មោះ សុខ ភា ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរកម្មករជៀជ័រកៅស៊ូ បានគំរាមគំហែងកូនស្រីរបស់គាត់ឈ្មោះ ស ស ខ អាយុ២០ឆ្នាំ យកទៅបាត់(ពង្រត់) ដែលបានកើតឡើងកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១០និង៣០នាទីយប់កន្លងទៅ នៅចំណុចចម្ការកៅស៊ូដីក្រហម ស្ថិតក្នុងភូមិដីក្រហម ឃុំភ្នំត្បែងមួយ ស្រុកគូលែន ហើយគេចខ្លួននោះពេលនេះសមត្ថកិច្ចចាប់ជនសង្ស័យបានហើយ ។

ការឃាត់ខ្លួនជនសង្ស័យរូបនេះ គឺសមត្ថកិច្ចជំនាញ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានធ្វើសំណើ សុំធ្វើការស៊ើបអង្កេតបឋម ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ និងបានកសាងសំណុំរឿងតាមនីតិវិធី ។

លុះដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយបានសហការជាមួយសមត្ថកិច្ចជំនាញ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តរតនគីរី បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខ ភា ហៅ ជ័យ ភេទប្រុស អាយុ ៣៨ឆ្នាំ ក្រោយគេចខ្លួនទៅសំងំលាក់ខ្លួននៅទីនោះ ។

បច្ចុប្បន្នកម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ កំពុងបំពេញសំណុំរឿងតាមនីតិវិធី បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតាមច្បាប់៕ ប្រាថ្នា


ចែករំលែក៖