ខេត្តបន្ទាយមានជ័យ៖ សត្វស្លាប់រាប់ម៉ឺនក្បាល ត្រូវបានគេប្រទះឃើញនៅចម្ការជ ឈុនលីក្បែរភ្នំបន្ទាយនាងនាព្រំប្រទល់ឃុំ បន្ទាយនាង និងឃុំឫស្សីក្រោកស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ ទីតាំងនេះទំនងជាជំរំដ៏សុខសាន្តរបស់ពពួកបក្សីខាងលើហើយមើលទៅ ។
ប្រជាពលរដ្ឋរស់នៅភូមិភ្នំឃុំបន្ទាយនាងបានឲ្យដឹងថា រៀងរាល់ឆ្នាំនៅទីនេះ រមែងមានសត្វស្លាបចម្រុះមកទុំស្នាក់ដេកនៅពេលយប់ ពិសេសចាប់ពីខែកញ្ញា តុលានិងវិច្ឆិកា ឆ្នាំ២០១៩នេះ ។ សត្វស្លាបគោក និងសត្វស្លាបទឹកចម្រុះរួមមានចង្កៀលខ្យង ក្រសារ ក្អែកទុំ ស្មោញ និងច្រើនជាងគេគឺកុកស រាប់ម៉ឺនក្បាល ។
សត្វស្លាប់ទាំងនោះ បានហើរទាំងហ្វូងៗដូចទឹកបាក់ទំនប់មកពីភូមិសាស្ត្រជិតឆ្ងាយក្នុងខេត្តបន្ទាយមានជ័យ ហើយទុំដេកស្នាក់នៅពេលយប់ ។ លុះពេលព្រឹកព្រលឹមឡើង ពូកវាហើរចាកចេញទៅរកចំណីនៅកន្លែងទីទៃពីគ្នា ។
ពលរដ្ឋរស់នៅម្តុំឃុំបន្ទាយនាង និងឃុំឫស្សីក្រោក រួមទាំងសិស្សសាលាផងតែងនាំគ្នាមកមើលសត្វស្លាប់ទាំងនោះនាពេលថ្ងៃអស្ដង្គត ដោយពួកគេថា ទិដ្ឋភាពនិងទស្សនីយភាពភាពបែបនេះកម្រនឹងបានឃើញណាស់ ។
ចំណែកអ្នកស្រី ជ ថាវី ជាកូនស្រីរបស់លោក ជ ឈុនលី ម្ចាស់ដីចម្ការដែលមានដើមឈើចម្រុះធំតូចជាទីសុខសន្តិភាព សុវត្ថិភាព ដែលសត្វស្លាបទាំងនោះ មកទុំដេកស្នាក់នៅបានឲ្យដឹងថា ក្រុមគ្រួសារអ្នកស្រីធ្លាប់ធ្វើសិប្បកម្មឡឥដ្ឋ ហើយដីនៅខាងក្រោយព័ទ្ធរបងបន្លាលួសមានចម្ការដាំឈើអាកាស្យា ព្រីង ថ្កូវ ស្វាយ ដូងស្លា អំពិល ត្របែក អំពិលព្រៃហើយឥឡូវបានក្លាយជាទីស្នាក់នៅសត្វស្លាប់ចម្រុះរាប់ម៉ឺនសែនក្បាលដូច្នេះ ។
អ្នកស្រីជ ថាវី សប្បាយចិត្តជាខ្លាំង ហើយពេញចិត្តឲ្យសត្វទាំងនោះមករស់នៅ ប៉ុន្តែអ្នកស្រីសំណូមពរដ៏ទទូចឲ្យមន្ត្រីអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការម៉ឺងម៉ាត់ជួយថែរក្សា ការពារសត្វទាំងនោះផង ៕ សំ វិច្ឆិកា