ខេត្តព្រះសីហនុ: ជាថ្មីម្តងទៀតនៅក្រុងព្រះសីហនុមានអគារបេតុងកំពុងសាងសង់មួយកន្លែងកំពុងប្រេះស្រាំបែកតាមធ្នឹមធ្វើឲ្យមានការព្រួយបារម្ភនិងមានការភ្ញាក់ផ្អើលដល់អាជ្ញាធរមូល និងសមត្ថកិច្ចជំនាញចំទៅត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្ននិងកំពុងប្រកាសឲ្យប្រជាពលពលរដ្ឋរស់នៅក្បែរនោះត្រូវតែជម្លៀសចេញ ក្រែងមានឧទ្ទវហេតុអាក្រក់កើតឡើង ។
អគារដែលកំពុងសាងសង់ហើយរងដោយប្រេះស្រាំជាអគារភ្លោះ មានកម្ពស់៦ជាន់ ស្ថិតនៅតាមផ្លូវអូរ៣ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១០ព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យដោយផ្ទាល់ ដើម្បីមានវិធានការ ការពារហានិភ័យក្រែងមានការបាក់រលំអគារនេះដូចមុនទៀត។
លោក គួច ចំរើន បានឲ្យដឹងថា ជំហានដំបូងរដ្ឋបាលខេត្តត្រូវតែជម្លៀស កម្មករសំណង់ ឬអ្នកនៅក្បែរអគារនោះជាបណ្តោះអាសន្នសិន ដើម្បីទុកពេលឲ្យមន្ត្រីជំនាញដោះស្រាយនិងរិះរកមធ្យោបាយបញ្ចៀសពីហានិភ័យដូចលើកមុនៗ បន្ទាប់ពីឃើញមានភាពប្រេះស្រាំតាមធ្នឹមរកកលស្រុតរលំបាក់ ។
យ៉ាងណាក្នុងករណីនេះដែរបើតាមការពិនិត្យបឋមពីមន្ត្រីផ្នែកបច្ចេកទេសសំណង់ បានសន្និដ្ឋានថា ការស្រុត ប្រេះនេះដោយសារខាងសាងសង់ជីកកាយគ្រឹះនៅផ្នែកខាងក្រោយអាគារជ្រៅពេក។ ទោះជាយ៉ាងនេះក្តី មន្ត្រីជំនាញកំពុងកោះហៅម្ចាស់សំណង់មកសាកសួរបន្ថែមនីងបង្ហាញច្បាប់ទម្លាប់ ជាពិសេសបង្ហាញបទដ្ឋានបច្ចេកទេសត្រឹមត្រូវដើម្បីរកដំណោះស្រាយតាមច្បាប់ ៕ ឆ្លាមសមុទ្រ