ខេត្តស្វាយរៀង ៖ ជ្រូកប្រមាណ៣០០ក្បាលរបស់ក្រុមឈ្មួញដែលដឹកតាមរថយន្ត០៤គ្រឿង វង្វេងចូលដីខ្មែរជិតច្រកទ្វាព្រំដែនទ្វេភាគីបុស្សមន ឃុំបុស្សមន ស្រុករំដួល ត្រូវសមត្ថកិច្ចការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបង្ក្រាបយកសួរនាំកាលពីវេលាម៉ោង៥និង០០នាទីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចជិតច្រកទ្វារព្រំដែនទ្វេភាគីបុស្សមន ឃុំបុស្សមន ស្រុករំដួល ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដឹកជ្រូក៣០០ក្បាលនោះ ទី១-ម៉ាកហីយិនដាយ ពាក់ស្លាកលេខ វៀតណាម 60C.371.47, ទី២-ពាក់ស្លាកលេខ 60C270.02, ទី៣-ពាក់ស្លាកលេខ60C310.04 និងរថយន្តទី៤-ពាក់ស្លាកលេខ 61C.360.69 អ្នកបើកបរជនជាតិវៀតណាម និងអ្នករួមដំណើរ១២នាក់ ។
ទាក់ទិនករណីខាងលើនេះដែរលោក ប៉ែន ចន្ធី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀងបានឲ្យដឹងថា ក្រោយពីសមត្ថកិច្ចក្រុមចល័តនៃការិយាល័យជំនាញនៃមន្ទីរកសិកម្មខេត្តចុះល្បាតបានជួបរថយន្តជនជាតិវៀតណាមចំនួន០៤គ្រឿងកំពុងធ្វើចរាចរណ៍នៅលើដងផ្លូវចំណុចជិតច្រកទ្វារព្រំដែនទ្វេភាគីបុស្សមន ឃុំបុស្សមន ស្រុករំដួលដែលមានជ្រូកប្រមាណ៣០០ក្បាលសង្ស័យថា ជ្រូកវៀតណាមទើបបញ្ជូនទៅកាន់មន្ទីរកសិកម្មខេត្តស្វាយរៀងដើម្បីធ្វើការសាកសួរដោយជនជាតិវៀតណាមទាំងនោះពុំមានម្នាក់ណាចេះភាសាខ្មែរសោះ ។
ក្រោយពីពិនិត្យ និងសាកសួរក៏មានអ្នកមកចូលដោះស្រាយដោយអះអាងថា ជាជ្រូកខ្មែរគឺជ្រូករបស់ក្រុមហ៊ុនស៊ីភី ដោយមានច្បាប់អនុញ្ញាតរបស់ក្រុមហ៊ុនស៊ីភី នាំចេញពីខេត្តកំពង់ស្ពឺទៅចែកចាយក្នុងខេត្តស្វាយរៀង ក៏ប៉ុន្តែបុគ្គលិកក្រុមហ៊ុនស៊ីភីបានលក់ទៅឲ្យឈ្មួញវៀតណាមនាំចេញទៅប្រទេសវៀតណាមដោយតម្លៃជ្រូកនៅប្រទេសវៀតណាមថ្លៃជាងជ្រូកស្រុកខ្មែរ ។
វៀតណាមចូលមកទិញជ្រូកខ្មែរហើយគ្មានច្បាប់នាំចេញទើបឃាត់មកសាកសួរ និងបូមឈាមជ្រូកទៅនាយកដ្ឋានផលិតកម្មសត្វនៅរាជធានីភ្នំពេញដើម្បីចូលមន្ទីរពិសោធពិនិត្យប្រសិនបើគ្មានផ្ទុកមេរោគទេមន្ទីរនឹងប្រគល់ឲ្យម្ចាស់យកទៅលក់ចែកចាយក្នុងខេត្តស្វាយរៀងមិនអនុញ្ញាតិឲ្យនាំចេញទៅប្រទេសវៀតណាមទេ តែបើមានផ្ទុកមេរោគយើងនឹងកម្ទេចចោល ។
មកដល់វេលាម៉ោង១និង០០នាទីរសៀលថ្ងៃទី០៥ វិច្ឆិកា ឆ្នាំ២០១៩ ជ្រូកដែលចាប់មកនោះ ងាប់អស់៦០ក្បាលហើយ នឹងបានកប់ចោលចំនួន៤០ក្បាល និង២០ក្បាលទៀតកំពុងត្រៀមយកទៅកប់ចោលទៀត ៕ យឹម សុថាន