ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូ និង រថយន្តបុកគ្នាពេញមួយទំហឹងដែលបានកើតឡើងនៅចន្លោះគីឡូម៉ែត្រលេខ ៦១-៦២ ស្ថិតក្នុងភូមិសាស្រ្ត ភូមិសូរវង្ស ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងនៅវេលាយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
នគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានមួយគ្រឿងម៉ូតូម៉ាកហុងដា Zoomer ពាក់ស្លាកលេខ កំពង់ឆ្នាំង១F-៧១៤៧ បើកបរដោយឈ្មោះ ផា ស៊ីថា ភេទប្រុស អាយុ២៩ឆ្នាំ រួមដំណើរដោយ ឈ្មោះ ប៉ក់ គឹមសួរ ភេទ ប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិតាសុខ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង នៅពេលមកដល់ចំណុចកើតហេតុ ក៍មានរថយន្តមួយគ្រឿងម៉ាកតូយ៉ូតាកាមរីបាឡែន ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២N-៥៨៩២ បើកបរក្នុងដំណើរច្រាសទិសគ្នា បានបុកគ្នាពេញមួយទំហឹង បណ្តាលឲ្យជនរងគ្រោះជិះម៉ូតូទាំងពីរនាក់ប៉ើងខ្ទាតចេញពីម៉ូតូស្លាប់ម្នាក់នៅនឹងកន្លែង និង ម្នាក់ទៀតរងរបួសធ្ងន់ ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ។
ក្រោយពេលកើតហេតុ ម្ចាស់រថយន្តរបានរត់គេចបាត់ ចំណែកមធ្យោបាយបង្ករត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាចដើម្បីរង់ចាំដោះស្រាយតាមនីតីវិធី ៕ ចន្ថា