ព័ត៌មានទាន់ហេតុការណ៍៖

ស្ពានតូចបុរាណមួយកន្លែង ដែលបុគ្គលម្នាក់ចាក់ដីលុបធ្វើកម្មសិទ្ធិ ត្រូវពលរដ្នស្នើឲ្យអាជ្ញាធរអប្សរារំដោះស្ពាននេះមកវិញ

ចែករំលែក៖

ខេត្តសៀមរាប ៖ ស្ពានបុរាណមួយកន្លែង ត្រូវបានបុគ្គលម្នាក់ចាក់ដីលុបទាំងស្រុង សង្ស័យថា ចង់បំបាត់ភស្តុតាង ដើម្បីរានយកដីរំលោភកាន់កាប់ ករណីនេះ ជំនាញអប្សរាបញ្ជាក់ថា បានត្រៀមរួចជាស្រេចហើយ ក្នុងការកាយអាចម៍ដីចេញ ដើម្បីសង្គ្រោះយកស្ពានមកវិញ ។

លោកឈាន រដ្ឋា ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ក្នុងជំនួបផ្ទាល់កាលពីថ្ងៃថា ករណីបុគ្គលចាក់ដីលប់ស្ពានបុរាណឈ្មោះថា(ស្ពានតូច)យើងបានត្រៀមរួចហើយក្នុងការកាយអាចម៍ដីចេញ ដើម្បីជួយសង្គ្រោះយកស្ពាននេះមកវិញ ។ លោកបន្តថា យើងរងចាំតែឯកសារ ដែលជាលទ្ធភាពធ្វើកំណាយប៉ុណ្ណោះ ព្រោះការកាយយកអាច់ម៍ដីចេញពីស្ពាន បើខ្វះបច្ចេកទេសគឺអាចប៉ះពាល់ថ្ម ពិសេសគ្រឹះនៃខឿនស្ពានតែម្តង ។

ថ្វីត្បិតលោកប្រធាននាយកដ្ឋានមិនបានបញ្ជាក់ថា បុគ្គលដែលបានចាក់ដីលុបស្ពានបំណងបំបាត់ភស្តុតាងជានរណា ប៉ុន្តែឯកសារបានបង្ហាញថា បុគ្គលនោះមាន ឈ្មោះជាម ប៊ុនណាត ភេទប្រុស មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។

លោកឈាន រដ្ឋា បញ្ជាក់ថា មូលហេតុដែលមិនបានហាមឃាត់អំពីការចាក់ដីលុបស្ពានទាន់ពេល ព្រោះតែដំបូងឡើយ ឃើញបុគ្គលខាងលើដឹកដីចាក់តែក្នុងដីឡូត៍របស់គេតែប៉ុណ្ណោះ ។ ប៉ុន្តែក្រោយមកក៍ស្រាប់ចាក់ដីលុបស្ពានតែម្តង ។ លោកបន្ថែមថា ក្រោយ ពេលអាជ្ញាធរអប្សរាជូន ដំណឹង បញ្ជាក់អំពីច្បាប់ និងការបំផ្លាញបេតិកភណ្ឌ ម្ចាស់បានយល់ព្រមឲ្យកាយអាចម៍ដីចេញវិញ ។ ចឹងទេក្នុងពេលខាងមុខនេះ ស្ពានបុរាណឈ្មោះថា (ស្ពានតូច)នឹងឈរបង្ហាញខ្លួន បង្អូតភ្នែកកូនខ្មែរគ្រប់រូបវិញហើយ ។

សូមបញ្ជាក់ថា ស្ពានបុរាណមានឈ្មោះថា(ស្ពានតូច)ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រ ភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រង់ចំណុចខាងកើតផ្លូវចូលទៅអង្គភាពកំចាត់មីន(ស៊ីម៉ាក់) ត្រូវបានម្ចាស់ដីដែលមានក្បាលដីក្បែរស្ពាន ចាក់ដីលុបបាត់រូបរាងទាំងស្រុង ដោយបន្សល់ទុកតែស្លាកឈ្មោះដែលសរសេរដោយអាជ្ញាធរអប្សរាថា(ស្ពានតូច) ។ សកម្មភាពនេះបង្ហាញឲ្យឃើញថា បុគ្គខាងលើមានបំណងចង់បំបាត់ចោលនូវស្ពានបុរាណ ដែលជាបេតិភណ្ឌជាតិទាំងមូល ។

ក្នុងករណីនេះក៍មានការលើកឡើងថា ការដឹកដីទាំងឡានៗមកចាក់លុបស្ពានបុរាណទាំងមូល ហើយស្ពាននោះក៍នៅរ៉បផ្លូវជាតិលេខ៦ ពិសេសទៅទៀតនៅមិនឆ្ងាយពីសាឃុំនិងប៉ុស្តិ៍ប៉ូលិសទៀតផង ចុះហេតុអីមិនមានអ្នកដឹង? ។ ឬមួយថាបុគ្គលខាងលើមានខ្សែខ្នងធំ អាជ្ញាធរមូលដ្ឋានគ្មានសមត្ថភាពហាមឃាត់? ប៉ុន្តែបើពិនិត្យ មើលទៅប្រហែលជាពួកគេនាំគ្នាបិតភ្នែកចាំទទួលប្រយោជន៍ច្រើនជាង ។

ក្នុងនាមជាពលរដ្ឋ ពួកយើងសង្ឃឹមថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នឹងមានវិធានការទប់ស្កាត់រាល់ការ រំលោភបំពានកាន់កាប់ដីទាំងឡាយ ដូចជាត្រពាំងបុរាណ ទួលបុរាណ និងស្ពានបុរាណ ទោះស្ថិតនៅទីណា តំបន់ណា ។ ក្រៅពីនេះក៍សង្ឃឹមដែរថា អស់លោកអ្នកមានអំណាច ពិសេសថៅកែដីឡូត៍ កុំដោយសាតែហាងឆេងដីឡើងខ្ពស់ ឈូសឆាយដីព្រៃលិចទឹក ទីទួលបុរាណ ត្រពាំងបុរាណ មកធ្វើជាកម្មសិទ្ធិ ដើម្បីពុះជាឡូត៍លក់ ។ ថ្ងៃនេះគេលុបស្ពានបុរាណមួយ ចឹងទេថ្ងៃក្រោយ តើអាចត្រូវលុបស្ពានបុរាណប៉ុន្មានទៀត ។

សូមជំរាបជូនថា ស្ពានបុរាណទាំងអស់ដែលនៅរ៉បផ្លូវជាតិលេខ៦នាពេលបច្ចុប្បន្ន ពីដើមឡើយគឺជាស្ពានដែលតភ្ជាប់នឹងផ្លូវជាតិលេខ៦តែម្តង ។ ប៉ុន្តែក្រោយមករាជរដ្ឋាភិបាលកម្ពុជា បានពង្រីងផ្លូវនេះ ហើយដោយសាស្ពានបុរាណទាំងនេះមានសភាពទ្រុឌទ្រោម ទើបសម្តេចតេជោ សម្រេចកសាងស្ពានថ្មីនៅទទឹមគ្នា ដោយរក្សាទុកស្ពានបុរាណទាំងនេះជាបេតិកភណ្ឌជាតិ ។ ប៉ុន្តែគួឲ្យសោកស្តាយ ដែលថ្មីៗនេះមានបុគ្គលម្នាក់ចាក់ដីលុបស្ពានបុរាណ បំបាត់ភស្តុតាង មិនដឹងថា បុគ្គលខាងលើមានបំណងអ្វីពិតប្រាកដ ។

ជំុវិញករណីខាងលើនេះ គេមិនអាចស្វែងរកជួបលោកជាម ប៊ុនណាត ដែលបានចាក់ដីលុបស្ពានបុរាណឈ្មោះ(ស្ពានតូច)ដើម្បសុំការពន្យល់បានទេ ។ តែសង្ឃឹមថា អាជ្ញាធរជាតិអប្សរា នឹងជួយស្រោចស្រង់សង្គ្រោះយកស្ពានបុរាណមួយនេះមកវិញក្នុងពេលដ៍ខ្លីខាងមុខ ៕ ប៊ុនរិទ្ធី

រូបភាព: ស្ពានបុរាណដែលគេចាក់ដីលុបសល់តែស្លាកឈ្មោះ និងស្ពានបុរាណដូចគ្នាដែលកំពុងថែរក្សា


ចែករំលែក៖