ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តកំពង់ឆ្នាំង ប្រគល់វិញ្ញាបនបត្រ ដល់សិស្សជ័យលាភីចំនួន៤៩នាក់ថ្នាក់វិទ្យាស្ថាន អាន់នូរីកម្ពុជា មធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ សិស្សជ័យលាភី ចំនួ៤៩នាក់ នៅវិទ្យាស្ថាន អាន់នូរីកម្ពុជាទទួលបានវិញ្ញាបនបត្រ ក្រោយពីបានបញ្ចប់ការសិក្សាដោយជោគជ័យ ថ្នាក់ធ្យមសិក្សាបឋមភូមិ និងថ្នាក់មធ្យមសិក្សា ទុតិយភូមិ ។ ការផ្តល់វិញ្ញាបនបត្រនេះ គឺត្រូវធ្វើឡើងនៅវិទ្យាស្ថានអាន់នូរីកម្ពុជា ដែលស្ថិតនៅក្នុងបរិវេណមណ្ឌលកុមារកំព្រា ច្រករមៀត ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោកឈួរ ច័ន្ទឌឿន អភិបាលរងខេត្តកំពង់ឆ្នាំង និង លោក សេក អាបឌូឡាហ្សី អាលី អាលម៉ូហាននូឌី តំណាងសប្បុរជននៃរដ្ឋកាតា ។

លោក ស៊ើក ទាំ នាយកវិទ្យាស្ថានអាន់នូរីកម្ពុជា និង ជាប្រធានមជ្ឈមណ្ឌលអប់រំនិស្សិតមុស្លីមកម្ពុជាបានឲ្យដឹងថា វិទ្យាស្ថានអាន់នូរីកម្ពុជានេះបានកសាងឡើងក្នុងអំឡុងឆ្នាំ២០០៧ មកម្លេះ មុនដំបូងសាលានេះ បានត្រឹម១កម្រិតសិក្សាតែប៉ុណ្ណោះ គឺ កម្រិតបឋមសិក្សា ហើយបានវិវឌ្ឍន៍ខ្លួនរហូតមដល់ថ្នាក់មធ្យមសិក្សា បច្ចុប្បន្នវិទ្យាស្ថានមានសិស្សចំនួន១៨៤នាក់ ចែកចេញជាបីកំរិតសិក្សា គឺបឋមសិក្សា មធ្យមសិក្សាបឋមភូមិ និង មធ្យមសិក្សាទុតិយភូមិ ។ នៅក្នុងការបណ្តុះបណ្តាល វិទ្យាស្ថានបានសិក្សាលើចំណេះដឹងទូទៅ ក៍បានផ្តោតលើការបណ្តាលជំនាញផងដែរ ដូចជា ជំនាញកាត់ដេរ កុំព្យូទ័រ កសិកកម្ម និង បសុវប្បកម្មផងដែរ ។

លោកនាយកវិទ្យាស្ថានបានឲ្យដឹងទៀតថា នៅថ្ងៃនេះវិទ្យាស្ថានបានផ្តល់វិញ្ញាណបនបត្រចំនួន៤៩នាក់ គឺវិញ្ញាបនបត្របឋមភូមិ ជំនាន់ទី៥មានចំនួន៣០នាក់ និង វិញ្ញាបនបត្រមធ្យមសិក្សាទុតិយភូមិជំនាន់ទី២ ចំនួន១៩នាក់ ។

លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង មានប្រសាសន៍បានសំដែងនូវការកោតសរសើរ ចំពោះវិទ្យាស្ថានអាន់នូរីកម្ពុជា ដែលបានស្វែងរកមូលនិធិ ក្នុងការបណ្តុះបណ្តាលដល់ប្រជាពលរដ្ឋខ្មែឥស្លាម ឲ្យមានចំណេះដឹងទូលំទូលាយ ដែលសកម្មភាពនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តរបស់ថ្នាក់ដឹកនាំឥស្លាមទាំងអស់ដែលបានគិតគូលើការបណ្តុះបណ្តាលនេះដល់ពលរដ្ឋខ្មែរឥស្លាម ដើម្បីធ្វើការអភិវឌ្ឍប្រទេស ។

លោក បានបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនជានាយករដ្ឋមន្រ្តី បានធ្វើឲ្យប្រទេសកម្ពុជា មានសុខសន្តិភាព មានការីកចំរើនលើគ្រប់វិស័យ ក្នុងនោះវិស័យអប់រំកំពុងតែបោះជំហានយ៉ាងខ្លាំង ដើម្បីសម្រេចនូវគោលដៅរបស់ខ្លួនផងដែរ ។ ដើម្បីសម្រេចបានតាមចក្ខុវិស័យខាងលើ ក្រសួងអប់រំយុវជននិងកីឡាមានបេសកកម្ម ដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យអប់រំ ឱ្យឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច វប្បធម៌របស់កម្ពុជា និង ការរីកចម្រើននៅក្នុងតំបន់ និង សកលលោក ។ ការអភិវឌ្ឍយុវជនកម្ពុជាលើគ្រប់ វិស័យ និងបណ្តុះស្មារតីយុវជន យុវតីកម្ពុជាគ្រប់រូបឱ្យមានមោទនភាពជាតិ មានសីលធម៌ល្អ និងគុណធម៌ខ្ពស់ ព្រមទាំងមានសុទិដ្ឋិនិយមចំពោះប្រទេសជាតិ និងប្រជាពលរដ្ឋរបស់ខ្លួនមានឱកាសស្មើភាពគ្នាក្នុងការទទួលបានការអប់រំប្រកបដោយគុណភាព ស្របតាមរដ្ឋធម្មនុញ្ញ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលចំពោះអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ ពោលគឺគោលការណ៍មិនរើសអើងអំពីស្ថានភាពសង្គមគ្រួសារ ភូមិសាស្ត្រ ពូជសាសន៍ សាសនា ភាសា យេនឌ័រ និងកាយសម្បទា ។

នៅក្នុងឱកាសនោះ លោកគណៈអធិបតីភាពបានប្រគល់វិញ្ញបនបត្រ ដល់សិស្សជ័យលាភីអមជាមួយនឹងទឹកប្រាក់ និងផ្តល់ប័ណ្ណសរសើរដល់សិស្សដែលរៀនពូកែផងដែរ ដើម្បីជាកិច្ចថ្លែងអំណគុណ លោកអភិបាលខេត្ត បំពាក់គ្រឿងឥស្សរិយយសដល់លោក សេក អាបឌូឡាហ្សី អាលី អាលម៉ូហាននូឌី ៕ ចន្ថា


ចែករំលែក៖