ភ្នំពេញៈ នៅព្រឹកពុធ ១០កេីត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក យិន សាន អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានអញ្ជើញត្រួតពិនិត្យកម្លាំង ដើម្បីត្រៀមអន្តរាគមន៍ ទប់ស្កាត់សភាពការណ៍ផ្សេងៗ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសព្រះរាជពិធីបុណ្យទិវាឯករាជ្យជាតិ ៩វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងនគរបាលរាជធានីភ្នំពេញ និងលោក ថេង សុថល អភិបាលខណ្ឌចំការមន។
លោកអភិបាល បានបញ្ជាក់ថា ក្នុងនាមជាគណៈបញ្ជាការឯកភាពខណ្ឌចំការមន ពិតជាមានមោទនភាពខ្លាំងណាស់ ដែលបានរួមចំណែកថែរក្សាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមជាពិសេសការពាររាជរដ្ឋាភិបាលស្របច្បាប់ និងរបបរាជានិយម។
លោកអធិការ បានបញ្ជាក់ទៀតថា កងកម្លាំងនគរបាលខណ្ឌចំការមន បានត្រៀមខ្លួនរួចជាស្រេច ទាំងមធ្យោបាយ សម្ភារៈ សម្រាប់ទទួលបទបញ្ជារបស់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយត្រៀមខ្លួនជានិច្ចសម្រាប់ចាប់ជនក្បត់ជាតិ និងក្រុមឧទ្ទាមក្រៅច្បាប់ ដែលប៉ុនប៉ងបំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិដែលកំពុងមានសព្វថ្ងៃនេះ។
ក្នុងឱកាសនេះដែរ លោកឧត្ដមសេនីយ៍ទោ ស្នងការរង ក៏បាននាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុកពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកទឹកចិត្តឲ្យកងកម្លាំងនគរបាលខណ្ឌចំការមនទាំងអស់ ត្រូវមានសាមគ្គីភាព គោរពវិន័យ បទបញ្ជា ជាពិសេសទោះក្នុងតម្លៃណាក៏ដោយត្រូវតែការពារឲ្យបានដាច់ខាតនូវ រាជរដ្ឋាភិបាលស្របច្បាប់ និងរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ។
ក្នុងពិធីនោះផងដែរលោកអភិបាល ក៏បានឧបត្ថម្ភទឹកសុទ្ធ ៣០កេះ មី ៥កេះធំ និងថវិកាចំនួន ១លានរៀលផងដែរ ៕ សរស្មី