ភ្នំពេញ ៖ បុរសម្នាក់សង្ស័យផឹកស្រវឹងបានជិះម៉ូតូមកដេកលើសួនចិញ្ចើមផ្លូវចោលម៉ូតូ ខណៈនោះ ស្រាប់តែមានជនសង្ស័យលួចបណ្តើរម៉ូតូនោះយកទៅបាត់ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋឃើញទាន់ ក៏រត់ទៅប្តឹងសមត្ថកិច្ចតាមរកម៉ូតូឃើញវិញ ។
ហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសួនចិញ្ចើមផ្លូវជាតិលេខ៤ ទល់មុខផ្សារជម្ពូវ័ន ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
បុរសដែលស្រវឹងខាងលើឈ្មោះ ញ៉ែម ចំរើន អាយុ៣៦ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកបាភ្នំ ខេត្តបាត់ដំបង ។ ចំណែកម៉ូតូមួយគ្រឿងដែលត្រូវជនសង្ស័យលួចនោះ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១GA-២៤១៧ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួលដំណឹងពីប្រជាពលរដ្ឋម្នាក់ដែលលក់គុយទាវ និងបាយនៅមុខសាលាបឋមសិក្សាជម្ពូវ័ន បានឃើញបុរសម្នាក់ស្រវឹងស្រាជិះម៉ូតូមកដេកនៅលើសួនចិញ្ចើមផ្លូវជិតកន្លែងគាត់លក់ដូរ ដោយមានម៉ូតូមួយគ្រឿងផងដែរ ។
តាមប្រភពដដែលបានបន្តថា ខណៈពេលជនរងគ្រោះស្រវឹងខ្លាំងពេកដេកចោលម៉ូតូ ក៏ស្រាប់តែជនសង្ស័យម្នាក់បានបណ្តើរម៉ូតូរបស់ជនរងគ្រោះចូលក្នុងសាលាបឋមសិក្សាជម្ពូវ័ន ពេលឃើញបែបនេះ គាត់ក៏ស្រែកថា «ចោរៗ» ដែរ តែជនសង្ស័យបានបណ្តើរម៉ូតូចូលទៅក្នុងសាលាដែលងងឹតសូន្យសុងបាត់ ។ ភ្លាមៗនោះបុរសជាអ្នកលក់ដូរខាងលើក៏រត់ទៅប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ភ្លាមៗផងដែរ ។
តាមប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើ ហើយស្របពេលកំលាំងនគរបាល និងកំលាំងប្រជាការពារសង្កាត់ទើបមកពីល្បាតក៏បាននាំគ្នា តាមរុករកម៉ូតូខាងលើភ្លាមៗ រួចក៏បានប្រទះឃើញម៉ូតូមួយគ្រឿងនោះត្រូវជនសង្ស័យយកទៅប្លុងចោលក្នុងព្រៃ បន្ទាប់មកសមត្ថកិច្ចក៏យកម៉ូតូមករក្សាទុកដើម្បីប្រគល់ជូនម្ចាស់វិញ ។ ដោយឡែក ជនរងគ្រោះជាម្ចាស់ម៉ូតូដេីកំពុងតែដេកស្តូកលើសួនចិញ្ចើមផ្លូវ ទាល់តែប្រជាពលរដ្ឋនិងសមត្ថកិច្ចនាំគ្នាដាស់ ទើបភ្ញាក់ទាំងមមីមមើរ និងនិយាយអរគុណដល់សមត្ថកិច្ច ព្រមទាំងប្រជាពលរដ្ឋផងដែរ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំជនរងគ្រោះទៅប៉ុស្តិ៍នគរបាល ដើម្បីធ្វើលិខិតប្រគល់ម៉ូតូឱ្យជនរងគ្រោះវិញ ៕ សុខាសែនជ័យ