ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក និងឧតុនិយម​ជូនដំណឹងស្តីពី​ស្ថានភាពអាកាសធាតុ

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា បានចេញសេចក្តីជូនដំណឹង​មួយស្តីអំពី​ស្ថានភាពអាកាសធាតុ​នៅក្នុងប្រទេស​ ។

សេចក្តីជូនដំណឹង​មានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖

សេចក្តីជូនដំណឹង ស្តីពី ស្ថានភាពអាកាសធាតុ

បន្ទាប់ពីបានធ្វើការពិនិត្យ និងតាមដានលើស្ថានភាពអាកាសធាតុជាប្រចាំទាំងក្នុងតំបន់ និងដោយឡែកសម្រាប់កម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា ៖ ព្យុះទី ២៤ ឈ្មោះថា ណាគ្រី បច្ចុប្បន្ន បាន និងកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូងក្បែរប្រទេសវៀតណាម ។ ព្យុះនេះ នឹងធ្វើដំណើរចូលប្រទេសវៀតណាមនៅវេលាម៉ោងប្រមាណ ១០ យប់ ឆ្លងចូលថ្ងៃទី ១១ ខែវិច្ឆិកា នៅចំណុចក្បែរខេត្តញ៉ាត្រាង ។

តាមការព្យាករ ព្យុះនេះ នឹងថមថយឥទ្ធិពលទៅជាវិសម្ពាធ (TD) រួចទៅជាសម្ពាធទាប(Low) នៅពេលធ្វើដំណើរចូលមកដល់កម្ពុជាវេលាម៉ោងប្រមាណ ១ រសៀល នាថ្ងៃទី ១១ ខែវិច្ឆិកា នៅតំបន់កន្ទុយនាគ ខ្ពង់រាបភាគឦសានកម្ពុជា ដែលធ្វើឲ្យមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើនបង្គួរ ។ ជាទូទៅក្នុងក្របខណ្ឌ័ទូទាំងប្រទេសកម្រិតទឹកភ្លៀង នឹងចុះខ្សោយ លើកលែងបណ្តាខេត្តនៅតំបន់ខ្ពង់រាបតែប៉ុណ្ណោះ ។

ដោយឡែក តាមការព្យាករ ចាប់ពីថ្ងៃទី ០៩ ដល់ថ្ងៃទី ១២ ខែវិច្ឆិកា ដែលជាឱកាសនៃ ពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ អាកាសធាតុមានស្ថានភាព ដូចខាងក្រោម ៖

– ថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ៖ ពេលព្រឹក-ថ្ងៃត្រង់-យប់ ផ្ទៃមេឃមានសភាពស្រឡះ សីតុណ្ហភាពអប្បបរមា ២៤ ºC សីតុណ្ហភាពអតិបរមា ៣០ ºC ខ្យល់បក់ពីទិសឦសានមានល្បឿនពី ២-៤ m/s ។

– ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០១៩ ៖ ពេលព្រឹក-ថ្ងៃត្រង់-យប់ ផ្ទៃមេឃមានសភាពស្រឡះ សីតុណ្ហភាពអប្បបរមា ២៣ ºC សីតុណ្ហភាពអតិបរមា ៣១ ºC ខ្យល់បក់ពីទិសឧត្តរមានល្បឿនពី ២-៤ m/s ។

– ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ ៖ ពេលព្រឹក-ថ្ងៃត្រង់-យប់ ផ្ទៃមេឃមានសភាពស្រឡះ សីតុណ្ហភាពអប្បបរមា ២២ ºC សីតុណ្ហភាពអតិបរមា ៣០ ºC ខ្យល់បក់ពីទិសឧត្តរមានល្បឿនពី ១-៣ m/s ។

– ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៩ ៖ ពេលព្រឹក-ថ្ងៃត្រង់-យប់ ផ្ទៃមេឃមានសភាពស្រឡះ សីតុណ្ហភាពអប្បបរមា ២១ ºC សីតុណ្ហភាពអតិបរមា ២៧ ºC ខ្យល់បក់ពីទិសឧត្តរមានល្បឿនពី ១-៣ m/s ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន ៕


ចែករំលែក៖