ព័ត៌មានទាន់ហេតុការណ៍៖

(Update)៖ ជនជាតិចិនម្នាក់ ត្រូវបានដោះលែង ក្រោយពីមិនជាប់ពាក់ព័ន្ធក្នុងករណីប្លន់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យជាជនជាតិចិនមួយក្រុម ប្រដាប់ដោយកាំភ្លើងខ្លីបានចូលប្លន់ហាងជនជាតិចិនមួយកន្លែង ដែលមានយីហោ គុជ​ ហីហី​ ផ្ទះលេខ២២​ នៅខាងក្រោយផ្សារឯករាជ្យមួយ ភូមិត្រពាំងថ្លឹង១​ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ​ កាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ​ តែត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនភ្លាមៗចំនួន២នាក់ ដកហូតកាំភ្លើងមួយដើម ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យឃាត់ខ្លួនឈ្មោះសែវ ទុង​ ភេទប្រុស អាយុ៣១ឆ្នាំ​ ជាជនជាតិចិន​ មុខរបរលក់ដូរ​ ស្នាក់នៅមិនចាំកន្លែង ។ ចំណែកបក្ខពួកដែលគេចខ្លួនចំនួន៣នាក់ ទី១ឈ្មោះ សែវ ហ៊ួ​ ភេទប្រុស​ ជាជនជាតិចិន​ (គេចខ្លួន) ទី២ឈ្មោះ សែវ​ ហ៊ឺ​ ភេទប្រុស អាយុប្រហែល២៣ឆ្នាំ (គេចខ្លួន) និងទី៣ឈ្មោះ សែវ​ ចេវ​ ភេទប្រុស អាយុប្រហែល២៣ឆ្នាំ​ ជាជនជាតិចិន (គេចខ្លួន) ។ ជនរងគ្រោះឈ្មោះ Xue Dan Feng ភេទស្រី អាយុ៣១ឆ្នាំ​ មុខរបរធ្វើការរោងចក្រ​ XIN YUAN​ មានប្តីឈ្មោះXU Jang Wei អាយុ២៨ឆ្នាំ​ មុខរបរលក់គ្រឿងគុជ​ និងវេរលុយទៅប្រទេសក្រៅ អ្នកទាំងពីរស្នាក់នៅកន្លែងកើតហេតុ ។

លោក យឹម សារ៉ាន់​ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ​ បានឲ្យដឹងថា​  មុនពេលកើតហេតុ ជនរងគ្រោះពីរនាក់ប្តីប្រពន្ធអង្គុយក្នុងហាងរបស់ខ្លួន​ បន្ទាប់មកស្រាប់តែមាន​ ជនសង្ស័យមានគ្នា៤នាក់ ប្រដាប់ដោយកាំភ្លើងខ្លី២ដើមបានបិទមុខចូលក្នុងហាងយីហោខាងលើ ភ្ជង់ប្លន់យកលុយពីជនរងគ្រោះ ។ ភ្លាមនោះជនរងគ្រោះក៏បានរត់ចេញមកក្រៅផ្ទះរួចទាញទ្វារបិទចាក់សោខាងក្រៅភ្លាមនោះជនសង្ស័យបានបាញ់ចំនួន២គ្រាប់ ដើម្បីផ្តាច់សោទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ​ ។

ក្រោយពីទទួលបានព័ត៌មាន លោក យឹម​ សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបញ្ជាកម្លាំងចុះលោមព័ទ្ធ និងចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ និងដកហូតកាំភ្លើងខ្លីមួយដើមម៉ាក K59 នាំយកទៅសាកសួរនៅប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅទី១ ។ ចំណែកបក្ខពួកផ្សេងទៀតបានគេចខ្លួនបាត់អស់ ។

លោក យឹម សារ៉ាន​ អធិការនគរបាលខណ្ឌបានបន្ត​ ក្រោយពីសាកសួរក្នុងចំណោមជនសង្ស័យ២នាក់នោះ​ ម្នាក់មិនជាប់ពាក់ព័ន្ធ នឹងករណីខាងលើទេ ហើយបានដោះលែងទៅវិញ ដោយឡែក ម្នាក់ទៀតត្រូវបានកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌដើម្បីចាត់ការតាមច្បាប់ ។

លោកអធិការបានបន្តថា​ ក្នុងហេតុការណ៍ខាងលើនេះ ជនសង្ស័យបានប្លន់យកលុយចំនួន៣០០ដុល្លារអាមេរិកគេចខ្លួនបាត់ ៕ សុខាសែនជ័យ

 

 


ចែករំលែក៖