ភ្នំពេញ៖ ជនសង្ស័យម្នាក់ជិះម៉ូតូធ្វេីជារកទិញទូរស័ព្ទខណៈម្ចាស់ហាងយកទូរស័ព្ទឲ្យមេីល ស្រាប់តែរត់ឡេីងម៉ូតូបំណងគេចខ្លួន តែត្រូវបានម្ចាស់ហាងឃាត់បានភ្លាមៗតែម្តង ។
ហេតុការណ៍នេះ បានកេីតឡេីងកាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ចំណុចកន្លែងលក់ទូរស័ព្ទ ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះ នី រីណា ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរមិនពិត ស្នាក់នៅបន្ទប់ជួលភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ទុំ រាទី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរលក់ទូរស័ព្ទ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមសម្តីម្ចាស់ហាងបានប្រាប់ឲ្យដឹងថា មុនពេលកេីតហេតុ ខណៈគាត់កំពុងអង្គុយលក់ទូរស័ព្ទស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូធូដេ ពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ 1CW 5837 មកធ្វេីជារកទិញទូរស័ព្ទ និងសុំមេីល ពេលនោះរូបគាត់ក៏យកទូរស័ព្ទមួយគ្រឿងម៉ាកអាយហ្វូនសិច ពណ៌ទឹកមាស លាយស ឲ្យភ្លាមនោះស្រាប់តែជនសង្ស័យដាក់ទូរស័ព្ទចូលក្នុងកាបូបស្ពាយរួចរត់ឡេីងជិះម៉ូតូចេញទៅតែត្រូវរូបគាត់ដេញចាប់បានភ្លាមៗរួចរាយការណ៍ទៅសមត្ថកិច្ចតែម្តង ។
បច្ចុប្បន្នជនសង្ស័យ បានប្រគល់អោយផ្នែកជំនាញ នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕ សុខាសែនជ័យ