ខេត្តបន្ទាយមានជ័យ៖ មនុស្ស២នាក់បានស្លាប់ភ្លាម នៅកន្លែងកើតហេតុ ដោយគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធុនធំ បុកជាមួយ រថយន្តធុនធំកាលពីវេលាម៉ោង៦ និង២០នាទីយប់ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៥៦ A ខាងជើងភូមិទ្រាសប្រហែល១០០ម៉ែត្រ ក្នុងឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចមូលដ្ឋានប្រាប់ថា នៅមុនពេលកើតហេតុ មានរថយន្តម៉ាកហ៊ុយហ្សូប៉ារ៉ាប៉ោម ពណ៌ខៀវ តួក្បាលពាក់ស្លាកលេខ ត្បូងឃ្មុំ 3A 1456 និងទ្រុងក្រោយ ពាក់ផ្លាកលេខ ព្រះសីហនុ4A. 0023 បើកបរដោយឈ្មោះសួន លុច ភេទប្រុសអាយុ 50 ឆ្នាំ ស្នាក់នៅភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានបើកបរក្នុងទិសដៅពីត្បូងទៅជើង ពេលដល់កន្លែងកើតហេតុ បានបុកជាមួយរថយន្ត១គ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ទ្រុងពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ 3A. 8130 ដែលខូចកំពុងសណ្តោង ក្នុងទិសដៅពីជើងទៅត្បូង បញ្ច្រាសទិសគ្នា បណ្តាលឲ្យស្លាប់អ្នកបើកបរទាំង២នាក់ ចំណែករថយន្តសណ្តោងបានបើករត់គេចខ្លួនបាត់ ។
លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា៖ មូលហេតុដែលបង្កឲ្យកើតមានគ្រោះនេះ គឺបណ្តាលមកពីរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ត្រូវសណ្តោងនោះ រេចង្កូតមកខាងស្តាំដៃ ស្របពេលនោះ រថយន្តម៉ាកហ្វុយហ្សូមកដល់បុកពេញទំហឹងតែម្តង ខ្ជាក់ចេញមកសុទ្ធតែអេតចាយសំបកដប និងអ្នកបើកបរមិនត្រូវបានគេស្គាល់ឈ្មោះ ។
សពជនរងគ្រោះអ្នកបើកបរទាំង២នាក់ ត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាបប្រពៃណី ក្រោយពេលសមត្ថកិច្ចបានវាស់វែងត្រួតពិនិត្យរួច ។ ចំណែករថយន្តទាំង២គ្រឿខូចធ្ងន់ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយចេក ៕ នីមវណ្ណា