ព័ត៌មានទាន់ហេតុការណ៍៖

មានជំងឺជាង៣ឆ្នាំព្យាបាលមិនធូរស្រាល គិតខ្លីធ្វើអត្តឃាត បង្កភ្ញាក់ផ្អើល 

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសចំណាស់ម្នាក់ ត្រូវបានប្រទះឃើញ ចងកសម្លាប់ខ្លួន ក្រោមដើមឈើក្នុងភូមិរបស់ខ្លួន បង្កការភ្ញាក់ផ្អើលដល់គ្រួសារ និងអ្នកភូមិកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅភូមិអណ្ដូង ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ 

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យបុរសដែលសង្ស័យចងក សម្លាប់ខ្លួនមាន ឈ្មោះ ម៉ាន់ ម៉ុក អាយុ៥៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិអណ្ដូង ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ 

សមត្ថកិច្ចបានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មាន សមត្ថកិច្ចនិងប៉ុស្តិ៍រដ្ឋបាល  និងគ្រូពេទ្យបានមកពិនិត្យជាច្រើនម៉ោង ទើបសន្និដ្ឋានថា ជនរងគ្រោះពិតជាចងកប្រាកដមែន ព្រោះមិនឃើញមានស្លាកស្នាមសម្គាល់ថាជារឿងឃាតកម្មនោះទេ ។ ជនរងគ្រោះបានយក ខ្សែនីឡុង ចងជាមួយដើមឈើ ក្បែរផ្ទះរបស់ខ្លួន ។ 

បើតាមក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចថា ជនរងគ្រោះគឺមានជំងឺប្រចាំកាយជាង៣ឆ្នាំមកហើយ ព្យាបាលនៅមន្ទីរពេទ្យ និងបានផឹកថ្នាំធូរស្រាល បានមួយរយៈពេល ក៏រើឡើងវិញ ។ 

សពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី ៕ យឹមសុថាន


ចែករំលែក៖