ព័ត៌មានទាន់ហេតុការណ៍៖

តារាល្បីៗជាច្រើននឹងលេចមុខក្នុងព្រឹត្តិការណ៍ តន្ត្រីអំបុកសន្តិភាព នៅវត្តលក្ខរាជាខេត្តស្វាយរៀង

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងរាប់សិបនាក់គ្រោងនឹងបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីទ្រង់ទ្រាយធំមួយឈ្មោះថា​ ការប្រគំតន្ត្រីអំបុកសន្តិភាព ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០១៩នៅក្នុងបរិវេណវត្តលក្ខរាជា នាស្រុករំដួលខេត្តស្វាយរៀង។

តារាចម្រៀងដែលនាងបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍នេះមានដូចជា លោក ខាត់ ជេម លោក ពេជ្រ ថាណា លោក ជ័យ សុវ៉ាត កញ្ញា នាងគន្ធ និងតារាចម្រៀងប្រុសស្រីល្បីឈ្មោះជាច្រើនទៀតនៅក្នុងស្រុក និងមកពីខេត្តសុរិន ប្រទេសថៃផងដែរ។ លោក សុខលីម រក្សា អ្នកគ្រប់គ្រងទូទៅនៃផលិតកម្មមរតកមេឌៀ បានបញ្ជាក់ថា តារាចម្រៀងក្នុងនិងក្រៅផលិតកម្មលោកនឹងចូលរួមក្នុងកម្មវិធីខាងលើ ដើម្បីអបអរសាទរទិវាបុណ្យឯករាជ្យជាតិ និងព្រះរាជាពិធីបុណ្យអុំទូកអកអំបុកសំពះព្រះខែ។

លោកថា ជាការជួបជុំកម្សាន្តសប្បាយ អមដោយពិធីសាសនា និងកម្មវិធីវប្បធម៌មួយចំនួនទៀតដែលត្រូវបានផ្តួចផ្តើមរៀបចំដោយព្រះចៅអធិការវត្តលក្ខរាជាតែម្តង។ លោករំពឹងថានឹងទទួលបានការគាំទ្រច្រើនពីមហាជនជិតឆ្ងាយ ពិសេសអ្នករស់នៅក្នុងតំបន់ ព្រោះតែវាជាព្រឹត្តិការណ៍ធំ និងប្រមូលផ្តុំដោយសិល្បករជាច្រើនរូបចូលរួម ស្របពេលដែលថ្ងៃឈប់សម្រាកជាច្រើនថ្ងៃបន្តគ្នារបស់មន្ត្រីរាជការ និងបងប្អូនកម្មករនិយោជិកទាំងអស់។ លោកបញ្ជាក់ដែរថាកន្លងមកលោកធ្លាប់ ដឹកនាំសិល្បករចូលរួមក្នុងកម្មវិធីបុណ្យវត្តខាងលើនិងសង្កេតឃើញពីការចូលរួមច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋ និងបង្ហាញពីជំនឿទុកចិត្តពីការរៀបចំរបស់ព្រះចៅអធិការ ថាបានដឹកនាំកសាងសម្មិទ្ធផលទាំងក្នុងពុទ្ធចក្រ និងអាណាចក្រ។

លោករំពឹងដែរថា កម្មវិធីនេះក៏នឹងឆ្លុះបញ្ចាំងពីសាមគ្គីភាព ចូលរួមថែរក្សាសន្តិភាព លើកតំកើងសិល្បៈវប្បធម៌ ប្រពៃណីខ្មែរផងដែរ៕ វឌ្ឍនា


ចែករំលែក៖