ក្រុមអ្នកឃ្លាំមើលស្ថានការណ៍ នៅក្នុងប្រទេសស៊ីរី បានឲ្យដឹងថា កងទ័ពរបស់តួកគី ដែលចេញល្បាត នៅភាគខាងឦសាន នៃប្រទេសស៊ីរី បានបាញ់សម្លាប់ប្រជាពលរដ្ឋស៊ីរី
ប្រជាពលរដ្ឋស៊ីរី រស់នៅតំបន់ខាងលើ បានខឹងសម្បានឹងកងទ័ពតួកគី ដែលល្បាតជាមួយនឹងកងកម្លាំងរបស់រុស្ស៊ី ហើយពួកគេបានចោលទ្រនាប់ជើង និងដុំថ្មទៅលើក្បួនរថយន្ដរបស់កងទ័ពតួកគី និងរុស្ស៊ី។ នៅពេលនេះ កងទ័ពតួកគី បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករ។
បើយោងតាមមជ្ឈមណ្ឌលព័ត៌មាន Rojava ជាក្រុមសកម្មជនដែលកំពុងតែប្រតិបត្ដិការ នៅក្នុងតំបន់កាន់កាប់ដោយកងកម្លាំងឃឺដ បានឲ្យដឹងថា នៅក្នុងហេតុការណ៍ប្រទូសរ៉ាយខាងលើនេះ បានបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និង១០នាក់ផ្សេងទៀត រងរបួស ហើយត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ក្រុមអ្នកស៊ើបអង្កេតសិទ្ធិមនុស្សស៊ីរី ដែលជាអង្គការតាមដានសង្គ្រាម មានមូលដ្ឋាន នៅក្នុងប្រទេសអង់គ្លេស បានឲ្យដឹងថា មុនពេលកើតមានការបាញ់ប្រហារនោះ បុរសស៊ីរីជាច្រើននាក់ បានរត់នៅក្នុងភូមិ Sarmasakh ដេញតាមក្បួនរថយន្ដរបស់កងទ័ពតួកគី ដែលកំពុងតែល្បាតជាមួយនឹងកងកម្លាំងរុស្ស៊ី។ ពួកគេបានចោលដុំថ្ម និងទ្រនាប់ជើង ទៅលើក្បួនរថយន្ដរបស់កងទ័ពតួកគី។
បើយោងតាមឃ្លីវីដេអូ ត្រូវបានគេបង្ហោះ តាមអនឡាញ បង្ហាញថា កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នោះ ប្រជាពលរដ្ឋស៊ីរី រស់នៅតំបន់ខាងលើ បាននាំគ្នាដេញតាមក្បួនកងទ័ពស៊ីរី ហើយក៏ឃើញបុរសម្នាក់បានរត់ឡើងទៅលើរថយន្ដកងទ័ព ទើបមានការបាញ់ប្រហារ បណ្ដាលឲ្យបុរសម្នាក់នោះស្លាប់ និងជាច្រើននាក់ផ្សេងរងរបួស។
កងទ័ពតួកគី បានចូលឈ្លានពានប្រទេសស៊ីរី កាលពីអំឡុងខែតុលា ឆ្នាំ២០១៩ ក្រោយពេលលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ប្រកាសដកកងទ័ពពិសេសមួយផ្នែករបស់ខ្លួន ចេញពីតំបន់ភាគខាងជើង នៃប្រទេសស៊ីរី។ តួកគី តែងតែចាត់ទុកកងកម្លាំងឃឺដគ្រប់គ្រងតំបន់ភាគខាងជើងស៊ីរី ជាក្រុមភេរវករ ហើយនេះក៏បង្កើតជាលេស នៃការចូលឈ្លានពាន ទៅលើទឹកដីស៊ីរី ក្រោមការថ្កោលទោសពីអន្ដរជាតិ។ ក្រោយពេលចូលឈ្លានពាននោះ ប្រធានាធិបតីតួកគី និង ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ក៏បានចុះកិច្ចព្រមព្រៀងជាមួយគ្នាបង្កើតតំបន់គ្រប់គ្រង់ដោយតួកគី នៅក្នុងដែនដីស៊ីរី ដោយចេញល្បាតរួមគ្នា៕