ភ្នំពេញ៖ ចុងឆ្នាំ២០១៩នេះ តារាចម្រៀងលំដាប់ជួរមុខ លោក ខេមរៈ សិរីមន្ត នឹងចេញដំណើរទៅកាន់ទឹកដីនៃប្រទេសបារាំងដើម្បីចូលរួមកម្មវិធីប្រគំន្ត្រីមួយចំនួនដើម្បីយកថវិកាមួយចំណែកជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងក្មេងកំព្រានៅកម្ពុជា។
បញ្ចប់ការធ្វើជាគណកម្មការក្នុងកម្មវិធីប្រកួតចម្រៀងធំមួយនៅកម្ពុជាមិនបានប៉ុន្មានផងស្រាប់តែតារាចម្រៀងរូបនេះបញ្ចេញគម្រោងចេញទៅច្រៀងនៅលើទឹកដីនៃប្រទេសបារាំង។ តាមការបង្ហើបរបស់ផលិតករម្នាក់លើកឡើងថា តារាចម្រៀងរូបនេះនឹងចេញពីកម្ពុជាទៅច្រៀងនៅប្រទេសបារាំងចុងឆ្នាំ២០១៩នេះ។ ប្រភពពីអ្នកជិតដិតនឹងតារារូបនេះបញ្ជាក់ថា លោក ខេមរៈ សិរីមន្ត កម្រនឹងទទួលយកការចេញទៅច្រៀងនៅក្រៅប្រទេសណាស់ ពិសេសចំរដូវកាលកើបលុយបែបនេះ។
ទោះជាយ៉ាងណាលោកមានឱកាសកម្សាន្តផងដែរតាមលក្ខណៈគ្រួសារ។ ប្រភពលើកឡើងថា ការសម្តែងច្រៀងរាំលើកដំបូងរបស់លោកនឹងធ្វើឡើងនៅសប្តាហ៍ទី២នៃ ខែធ្នូ ឆ្នាំ២០១៩នៅភោជនីយដ្ឋានបែបខ្មែរមួយ នៅក្រុងប៉ារីសដែលជិតនឹងតំបន់ដែលសម្បូរដោយប្រជាជនខ្មែររស់នៅ។
អ្វីដែលគេកោតសរសើរគឺការចេញច្រៀងនៅលើទឹកដីនៃប្រទេសបារាំងនេះក៏ក្នុងបំណងចែករំលែថវិកាមួយចំនួនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា និងជួយដល់ក្មេងកំព្រាដែលខ្វះទីពឹងផងដែរ ៕ វឌ្ឍនា