ភ្នំពេញ៖ បុរស២នាក់ បានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍២ផ្សេងគ្នា ដោយម្នាក់សង្ស័យស្រវឹងស្រាបានជិះម៉ូតូម្នាក់ឯងជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗ និងម្នាក់ទៀតស្លាប់ដោយសារតែរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបើកបុកយ៉ាងពេញទំហឹងបណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម ។ចំណែករថយន្តបង្កបើករត់គេចខ្លួនបាត់ ។
យោងតាមប្រភពពីមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានឲ្យដឹងថា ករណីទី១ បានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី៩ ខែវិច្ឆកា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២០០៤ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បណ្ដាលឲ្យបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ដោយសារស្រវឹងស្រាខ្លាំង បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាវ៉េវ ពណ៍ខ្មៅ គ្មានស្លាកលេខ តែម្នាក់ឯងជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋដួលបោកក្បាលស្លាប់ ។
ដោយឡែកករណីទី២ បានកើតឡើងកាលពីវេលាម៉ោង១១និង ១០នាទីយប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចំណុចកែង និងផ្លូវទំនប់កប់ស្រូវ ស្ថិតក្នុង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រវាងរថយន្តមិនស្គាល់ម៉ាក បុកម៉ូតូជនរងគ្រោះពីក្រោយពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗ ។
សពជនរងគ្រោះមានឈ្មោះ យឿន សីហា ភេទប្រុសអាយុ២៥ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន មានស្រុកកំណើតខេត្តព្រៃវែង ជិះម៉ូតូម៉ាក Honda Scoopy ស៊េរីឆ្នាំ 2020 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2HT-2193 រីឯរថយន្តបង្ក មិនត្រូវបានស្គាល់នោះទេ រត់គេចបាត់ភ្លាមៗ ។
មន្រ្តីដដែលបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានធ្វើដំណើរម្នាក់ឯង ក្នុងទិសដៅពីកើតទៅលិច តាមបណ្ដោយផ្លូវជាតិលេខ៤ មកដល់ចំណុចកើតហេតុ ក៏មានរថយន្តមិនស្គាល់ម៉ាក ធ្វើដំណើរស្របទិសគ្នា មកបុកពីក្រោយ បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗតែម្ដង រួចរថយន្តបន្ថែមល្បឿន បើកគេចបាត់ ។
ក្រោយមកសមត្ថកិច្ច បានចុះវាស់វែង យកម៉ូតូជនរងគ្រោះទៅរក្សាទុក នៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ចំណែកឯសព ប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខា សែនជ័យ