ការឈរជើងទាហានអាមេរិកក្នុងទឹកដីកូរ៉េខាងត្បូង កាន់តែធ្វើឲ្យស្ថានភាពទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង កាន់តែតានតឹងថែមទៀត ។ មិនតែប៉ុណ្ណោះ ការចំណាយរបស់កូរ៉េខាងត្បូងទៅលើទាហានអាមេរិកក៏កាន់តែច្រើនផងដែរ។ ចំណែកកូរ៉េខាងត្បូង វិញ ក៏មិនអនុញ្ញាតឲ្យអាមេរិកវាយប្រហារកូរ៉េខាងជើង ដែលជាបងប្អូននោះដែរ។
ចំណុចទាំងនោះហើយ បានជា កូរ៉េខាងត្បូង នឹងឈប់អាស្រ័យទៅលើកម្លាំងការពាររបស់អាមេរិក ដោយកម្លាំងទាហានប្រទេសនេះ នឹងការពារសន្តិសុខជាតិដោយខ្លួនឯង។ សកម្មភាពនោះត្រូវបានភាគីកូរ៉េខាងជើង អបអរសាទរ ហើយជួយឲ្យទំនាក់ទំនង ប្រទេសកូរ៉េទាំងពីរ កាន់តែប្រសើរឡើង។ តាំងពីដើមមក កូរ៉េខាងជើង បានប្រឆាំង និងវត្តមានយោធាអាមេរិកនៅក្នុងទឹកដីកូរ៉េខាងត្បូង ដោយចាត់ទុកជាការត្រៀមលក្ខណៈឈ្លានពានកូរ៉េខាងជើង។
ពេលថ្មីៗ កូរ៉េខាងត្បូង បានទិញអាវុធ ពីអាមេរិក ជាច្រើន ក្នុងនោះមានយន្តហោះចម្បាំង ទំនើប F-35 ដល់ទៅ២០គ្រឿង មានតម្លៃជាង៣,៣ពាន់លានដុល្លារ ។ក្រៅពីនេះកូរ៉េខាងត្បូង ក៏មានគម្រោងទិញអាវុធជាច្រើនទៀត ដើម្បីការពារដោយខ្លួនឯង ឈប់ពឹងផ្អែកលើអាមេរិក។
ក្រៅពីនេះកូរ៉េខាងត្បូង ក៏នឹង ផលិតអាវុធដោយខ្លួនឯងទៀតផង ។ កូរ៉េខាងត្បូង ក៏បានបង្កើនប្រាក់ចំណាយសម្រាប់ ការពារជាតិ កើនឡើងបន្ថែម៧ភាគរយ បើប្រៀបធៀបនឹងឆ្នាំកន្លងមក ជួយឲ្យប្រាក់ចំណាយសរុបសម្រាប់ការពារជាតិកើនឡើងដល់ទៅ២៤០ ពាន់លានដុល្លារ។ ក្នុងចំណោមនោះ ប្រាក់៨៥ពាន់លានដុល្លារ សម្រាប់ទិញអាវុធនិងអភិវឌ្ឍន៍សព្វាវុធកាន់តែទំនើបជាងមុន។
លោក Daniel Pinkston សាស្ត្រាចារ្យមហាវិទ្យាល័យទំនាក់ទំនងអន្តរជាតិ ក្នុងទីក្រុងសេអូលបានលើកឡើងថា« កូរ៉េខាងត្បូង និងបង្កើនសកម្មភាពការពារដោយខ្លួនឯង ក៏ដូចជាផលិតអាវុធដោយខ្លួនឯងនោះដែរ ។ អ្វីដែលកូរ៉េខាងត្បូង ធ្វើនៅពេលនេះ គឺមិនចង់ពឹងផ្អែកទៅលើអាមេរិកទៀតឡើយ»។
សកម្មភាពខាងលើ របស់កូរ៉េខាងត្បូង កើតឡើងក្រោយពេលដែលអាមេរិក ទាមទាឲ្យប្រទេសនេះ ចមណាយប្រាក់សម្រាប់ទាហានអាមេរិក ឈរជើងនៅលើទឹកដីកូរ៉េខាងត្បូង។ ក្រុមអ្នកជំនាញបានលើកឡើងថា ប្រសិនបើ ទាហានអាមេរិកដកចេញពីកូរ៉េខាងត្បូង គឺជារឿងល្អបំផុត ដែលអាចជួយដល់ បងប្អូនកូរ៉េទាំងពីរ ផ្សះផ្សាទំនាក់ទំនងកាន់តែប្រសើរឡើង ។
កន្លងមកកូរ៉េខាងជើងតែងតែ ឌឺដង និងធ្វើសកម្មភាព «ធ្ងន់ដៃ»ដាក់អាមេរិក កូរ៉េខាងត្បូង និងជប៉ុនទៀតផង ប៉ុន្តែប្រទេសទាំង៣ បានត្រឹមតែការអត់ធ្មត់ប៉ុណ្ណោះ មិនហានធ្វើអ្វីកូរ៉េខាងជើងនោះឡើយ សូម្បីតែ បាញ់មួយគ្រាប់។
ទស្សនាវដ្តីNational Interest បានផ្សព្វផ្សាយនៅអត្ថបទមួយ ស្តីពីសកម្មភាពរបស់កូរ៉េខាងជើង តែអាមេរិកមិនហានតដៃវិញ។ ជាក់ស្តែង នៅក្នុងឆ្នាំ១៩៦៨ កូរ៉េខាងជើង បានចាប់នាវាចារកិច្ចអាមេរិក USS Pueblo ហើយឃុំខ្លួននាវិក ជិតមួយឆ្នាំ ។ ក្រៅពីនេះកូរ៉េខាងជើង ក៏បានបាញ់ទម្លាក់យន្តហោះស៊ើបការរបស់អាមេរិកផងដែរធ្វើឲ្យក្រុមអ្នកបើកបរស្លាប់ទាំងអស់។ នៅឆ្នាំ១៩៩៨ កូរ៉េខាងជើង បានបាញ់មីស៊ីលឆ្លងកាត់ទឹកដីជប៉ុន។ នៅឆ្នាំ២០១០ កូរ៉េខាងជើង បានវាយប្រហារពន្លិចនាវាយាមល្បាតកូរ៉េខាងត្បូង និងបាញ់ប្រហារទៅលើកោះ កូរ៉េខាងត្បូង សម្លាប់មនុស្ស៥០នាក់។ សកម្មភាពរបស់កូរ៉េខាងជើងគួរណាស់តែអាមេរិក និងកូរ៉េខាងត្បូង ឬជប៉ុនត្រូវតែវាយប្រហារ តបតវិញ។ ប៉ុន្តែប្រទេសទាំង៣បានសម្រេចជ្រើសរើសវិធីសាស្ត្រអត់ធ្មត់ មិនហានផ្ទុះអាវុធដាក់កូរ៉េខាងជើងឡើយ សូម្បីតែមួយគ្រាប់។
សារព័ត៌មាន National Interest បានផ្សព្វផ្សាយនៅអត្ថបទវិភាគកាលពីថ្ងៃទី២៨ខែតុលា របស់អ្នកឯកទេស Robert E. Kelly សាស្ត្រាចារ្យ ស្តីពីទំនាក់ទំនង អន្តរជាតិ អាមេរិកបានលើកឡើង ពីមូលហេតុដែល ប្រទេសទាំង៣មិនហានវាយប្រហារកូរ៉េខាងជើង។
ទី១ គឺទីក្រុងសេអ៊ូលរបស់កូរ៉េខាងត្បូង ងាយរងការវាយប្រហារពីកូរ៉េខាងជើង។ ទាំងនោះមានតែបង្ខំឲ្យកូរ៉េខាងជើងអត់ធ្មត់តែប៉ុណ្ណោះ។ ក្រៅពីទីក្រុងសេអ៊ូល នៅមានខេត្ត Kyeonggi នៅជាប់ព្រំដែន ហើយខេត្តនេះមានពលរដ្ឋរស់នៅរហូតដល់ទៅ៥៥ភាគរយ នៃពលរដ្ឋសរុបនៅក្នុងប្រទេសនេះ និងជាតំបន់សេដ្ឋកិច្ច ភូមិសាស្ត្រនយោបាយ ដ៏សំខាន់បំផុត របស់ប្រទេសជាតិ ។ ផ្សារទំនើបៗ នៅទីនោះក្លាយជាគៅលដៅវាយបករបស់កូរ៉េខាងជើង ដោយពិបាកការពារបំផុត។
ទី២ គឺប្រធានាធិបតី ដូណាលត្រាំ ចាំបាច់ត្រូវតែទទួលបានការឯកភាពនយោបាយពីប្រទេសទាំងពីរ កូរ៉េខាងត្បូង និងជប៉ុនទើបអាចវាយប្រហារបាន ដោយប្រទេសទាំងពីរ ជាអ្នកទទួលរងគ្រោះ ពេលកូរ៉េខាងជើង វាយបកវិញ។
ទី៣ គឺរាល់ការវាយប្រហារទៅលើកូរ៉េខាងជើង គឺមិនអាចបញ្ចប់វិញក្នុងពេលឆាប់ៗនោះឡើយ អាចអូសបន្លាយ ច្រើនខែ ច្រើនឆ្នាំ។ មួយវិញទៀតកូរ៉េខាងជើង មានអាវុធទំនើបៗជាច្រើន ក្នុងនោះមានទាំង ក្បាលគ្រាប់បរមាណូអាចបំពាក់នៅលើមីស៊ីលឆ្លងទ្វីប បាញ់ចេញពីជើងទម្រចល័ត ឬនាវាមុជទឹក ទៅកាន់គោលដៅនានា។
ទី៤គឺ កូរ៉េខាងជើង បានដាក់ទាហាន អាវុធ ស្ថិតនៅការត្រៀមលក្ខណធ្វើសង្គ្រាមគ្រប់វិនាទី ហើយមានគម្រោង គោលដៅត្រូវវាយប្រហារយ៉ាងច្បាស់លាស់។ទាំងនោះហើយកូរ៉េខាងជើង អាចវាយបកវិញក្នុងពេលលឿនបំផុត។
ទី៥ គឺ ការវាយប្រហារនឹងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាង អាមេរិក និងចិន ដែលជាទំនាក់ទំនងសំខាន់បំផុត សម្រាប់ភូមិសាស្ត្រ នយោបាយ សេដ្ឋកិច្ច នៅលើពិភពលោក។ បច្ចុប្បន្ន គ្រាន់តែសង្គ្រាមពាណិជ្ជកម្ម អាមេរិក-ចិន ប៉ះពាល់យ៉ាងខ្លាំងនៅលើពិភពលោក ទម្រាំ ប្រឈមមុខដោយយោធាទៀត នឹងធ្វើឲ្យពិភពលោក ប្រឈមវិបត្តិជាទ្រង់ទ្រាយធំ ។នៅពេលនោះអាចជំរុញឲ្យធ្លាក់ចូលក្នុងសង្គ្រាមលោកលើកទី៣ ដោយមានការចូលរួមពីប្រទេសជាច្រើន។ កន្លងមក អ្នកឯកទេសវិភាគ ធ្លាប់បានលើកឡើងថា សង្គ្រាមលោកលើកទី៣ អាចផ្ទុះចេញពី សង្គ្រាមវាយប្រហារអ៊ីរ៉ង់ ឬ សង្គ្រាមវាយប្រហារកូរ៉េខាងជើង ៕