ភ្នំពេញ៖ បន្ទាប់ពីកម្លាំងនគរបាលរាជធានីភ្នំពេញ បានប្រទះឃើញក្មេងប្រុសម្នាក់ ដែលវង្វេងបាត់ម្តាយនៅមុខព្រះបរមរាជវាំងកាលពីយប់មិញ ត្រូវបានសមត្ថកិច្ចធ្វើការប្រកាសស្រាវជ្រាវរកក្រុមគ្រួសាររហូតបានជួបម្តាយរបស់ខ្លួនវិញ ។
ករណីក្មេងវង្វេងម្តាយខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចគោលដៅ៩ ផ្លូវលេខ១៣ កែងផ្លូវលេខ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
ក្មេងប្រុសដែលវង្វេងម្តាយនោះឈ្មោះប្រាក់ ដារារិទ្ធិ អាយុ៦ឆ្នាំ ។ចំណែកស្រ្តីជាម្តាយឈ្មោះលុញ ពណ្ណារី អាយុ២៩ឆ្នាំ ស្នាក់នៅភូមិអូនឹម ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពពីមន្រ្តីនគរបាលដែលប្រចាំការនៅគោលដៅ៩ បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានឃើញក្មេងប្រុសម្នាក់ ឈរយំតែម្នាក់ឯង ភ្លាមនោះកម្លាំងសមត្ថកិច្ចក៏សួរនាំ ទើបដឹងថាក្មេងប្រុសរូបនេះបាត់ម្តាយ ។ បន្ទាប់មកសមត្ថកិច្ចក៏ធ្វើការប្រកាសតាមគោលដៅ ដើម្បីស្វែងរកម្តាយក្មេង រហូតដល់រកឃើញម្តាយមកទទួលយកត្របល់ទៅផ្ទះវិញ ៕ស រស្មី