តាមសារព័ត៌មាន TTXVN បានផ្សាយថា នៅថ្ងៃទី១១ ខែវិច្ឆិកា សភាអាមេរិក បានប្រកាសរបាយការណ៍សួរចម្លើយ សាក្សីនៅក្នុងគណៈកម្មការសភា អាមេរិក ពាក់ព័ន្ធ ការចេញបញ្ជារបស់លោកត្រាំឲ្យបង្កកប្រាក់ជំនួយដល់អ៊ុយក្រែន ក្នុងគោលដៅនយោបាយ ។
ខ្លឹមសារនៃការសាកសួររបស់លោកស្រី Laura Coopera មន្ត្រីជាន់ខ្ពស់នៅក្នុងមន្ទីបញ្ចកោណទទួលបន្ទុកគោលនយោបាយរបស់អាមេរិក ចំពោះអ៊ុយក្រែន បានបញ្ជាក់ថា ប្រធានាធិបតីដូណាលត្រាំ បានស្នើរឲ្យបង្កកប្រាក់ជំនួយយោធា៤០០លានដុល្លារដល់អ៊ុយក្រែន រហូតដល់ទីក្រុង Kiev បើកការស្រាវជ្រាវទៅលើ គូប្រជែងនយោបាយរបស់ លោកត្រាំ ។ លោកស្រី Laura Coopera មានក្តីបារម្ភចំពោះការសម្រេចខាងលើរបស់ លោកត្រាំ ។ លោកស្រីបញ្ជាក់ថា ការបង្កកប្រាក់ជំនួយដល់អ៊ុយក្រែនគឺជាសកម្មភាព ខុសប្រក្រតី ដោយលោកត្រាំ មិនបានផ្តល់ឲ្យសភា និងក្រសួងការពារជាតិបានដឹងពីហេតុការខាងលើ ។
ចំណែកការសួរចម្លើយសាក្សីជាសាធារណៈនឹងត្រូវចាប់ផ្តើមបើកធ្វើជាលើកទីមួយ នៅថ្ងៃពុធ ១៣វិច្ឆិកា។ ខាងក្រោមនេះ គឺជាចំណុចសំខាន់ៗ ដែលគួរដឹង ជុំវិញដំណើរការដកតំណែងប្រធានាធិបតី នៅសហរដ្ឋអាមេរិក។
បច្ចុប្បន្ននេះ គណបក្សប្រជាធិបតេយ្យមានសំឡេងភាគច្រើននៅក្នុងរដ្ឋសភា ដោយកាន់កាប់អាសនៈរហូតដល់ទៅ ២៣៥ ក្នុងពេលដែលគណបក្សសាធារណរដ្ឋមានអាសនៈតែ ១៩៨។ ដូច្នេះគេគិតថា វាមិនមែនជារឿងពិបាកនោះទេ សម្រាប់រដ្ឋសភា នៅក្នុងការអនុម័តលើបទចោទប្រកាន់លើលោកដូណាល់ ត្រាំ (Impeachment)។ ក៏ប៉ុន្តែ ការជំនុំជម្រះ (Trial) នៅព្រឹទ្ធសភា វាគឺជារឿងផ្សេង។ ដើម្បីអាចដកតំណែងលោកដូណាល់ ត្រាំ គេត្រូវការជាចាំបាច់នូវសំឡេងគាំទ្រពីសំណាក់សមាជិកព្រឹទ្ធសភាយ៉ាងតិច ៦៧រូប។ ក៏ប៉ុន្តែ ព្រឹទ្ធសភាបច្ចុប្បន្នស្ថិតនៅក្រោមការកាន់កាប់របស់គណបក្សសាធារណរដ្ឋ ដែលមានសមាជិកចំនួន ៥៣ គណបក្សប្រជាធិបតេយ្យមានសមាជិក ៤៥ ចំណែកសមាជិក ២រូបផ្សេងទៀត ជាអ្នកនយោបាយឯករាជ្យគ្មានគណបក្ស។
ដូច្នេះ បើទោះបីជាសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យ និងសមាជិកឯករាជ្យ បូកបញ្ចូលគ្នាក៏នៅតែមិនមានសំឡេងគ្រប់គ្រាន់នោះដែរ ដោយគេត្រូវការជាចាំបាច់នូវការគាំទ្រពីសំណាក់សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋយ៉ាងតិច ២០រូប ទើបអាច អនុម័តដកតំណែងលោកដូណាល់ ត្រាំ បាន។
ហេតុដូច្នេះហើយបានជាសេណារីយ៉ូ ដែលគេមើលឃើញច្រើនជាងគេ គឺលោកដូណាល់ ត្រាំ ត្រូវរដ្ឋសភាចោទប្រកាន់ ក៏ប៉ុន្តែ ព្រឹទ្ធសភាមិនសម្រេចដកតំណែង ពោលគឺ ដូចគ្នាទៅនឹងករណីលោកប៊ីល គ្លីនតុន ឬក៏លោកអ៊ែនឌ្រូ ចនសុន កាលពីពេលកន្លងមក។
ប្រសិនបើលោកដូណាល់ ត្រាំ ពិតជាត្រូវសភាដកតំណែងមែន (រដ្ឋសភាចោទប្រកាន់ ហើយព្រឹទ្ធសភាដកតំណែង) លោកអនុប្រធានាធិបតី ម៉ៃខ៍ ផិនស៍ ត្រូវឡើងមកកាន់តំណែងជំនួស។ ក៏ប៉ុន្តែ នៅក្នុងពេលបច្ចុប្បន្ននេះ លោកម៉ៃខ៍ ផិនស៍ ខ្លួនឯងផ្ទាល់ ក៏មានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវអ៊ុយក្រែនជាមួយនឹងលោកដូណាល់ ត្រាំដែរ។ប្រសិនបើលោកដូណាល់ ត្រាំ និងលោកម៉ៃខ៍ ផិនស៍ ត្រូវសភាដកតំណែងទាំងពីររូប តំណែងប្រធានាធិបតីនឹងត្រូវធ្លាក់ទៅលើប្រធានរដ្ឋសភា គឺលោកស្រី ណានស៊ី ប៉េឡូស៊ី ដែលមកពីគណបក្សប្រជាធិបតេយ្យ។
ការដកតំណែងប្រធានាធិបតីត្រូវឆ្លងកាត់នូវដំណាក់កាលសំខាន់ៗពីរ គឺ រដ្ឋសភាជាអ្នកចោទប្រកាន់ (Impeachment) ចំណែកព្រឹទ្ធសភាជាអ្នកជំនុំជម្រះ (Trial) ដើម្បីសម្រេចដកតំណែងប្រធានាធិបតី។
នៅក្នុងរដ្ឋសភា ការសម្រេចចោទប្រកាន់ប្រធានាធិបតីត្រូវឆ្លងកាត់ការអនុម័តដោយសំឡេងភាគច្រើន។ រដ្ឋសភាអាចស្នើនូវការចោទប្រកាន់លើច្រើនបទល្មើស ហើយក្នុងចំណោមការចោទប្រកាន់អស់ទាំងនេះ ឲ្យតែមានការចោទប្រកាន់ណាមួយត្រូវបានអនុម័តដោយសំឡេងភាគច្រើន សំណុំរឿងនេះនឹងត្រូវបញ្ជូនទៅឲ្យព្រឹទ្ធសភាជំនុំជម្រះ។ នៅក្នុងអំឡុងពេលដែលព្រឹទ្ធសភាកំពុងជំនុំជម្រះ ប្រធានាធិបតីនៅតែបន្តកាន់តំណែងជាធម្មតា។
ដំណើរការជំនុំជម្រះប្រធានាធិបតីនៅក្នុងព្រឹទ្ធសភាត្រូវធ្វើឡើងនៅក្នុងរូបភាពប្រហាក់ប្រហែលគ្នានឹងដំណើរការជំនុំជម្រះរបស់តុលាការព្រហ្មទណ្ឌដែរ ដោយប្រធានតុលាការកំពូលដើរតួនាទីជាប្រធានអង្គជំនុំជម្រះ តំណាងរដ្ឋសភាដើរតួនាទីជារដ្ឋអាជ្ញា ចំណែកសមាជិកព្រឹទ្ធសភាទាំងមូលគឺជាគណៈវិនិច្ឆ័យ។ ដើម្បីអាចសម្រេចដកតំណែងប្រធានាធិបតីបាន ព្រឹទ្ធសភាត្រូវការសំឡេងភាគច្រើនរហូតដល់ទៅ ៦៧សំឡេង ក្នុងចំណោមសមាជិកទាំង១០០រូប។
នីតិវិធីនេះមានន័យថា ការដកតំណែងប្រធានាធិបតីទាមទារជាចាំបាច់ឲ្យមានការឯកភាពគ្នាពីសំណាក់សភាទាំងពីរ ពីព្រោះ នៅក្នុងរដ្ឋធម្មនុញ្ញបានកំណត់ថា មានតែរដ្ឋសភាមួយគត់ដែលមានសិទ្ធិផ្តួចផ្តើមគំនិតបើកនីតិវិធីស៊ើបអង្កេត និងអនុម័តលើការចោទប្រកាន់ប្រធានាធិបតីបាន។ បើគ្មានការអនុម័តពីសំណាក់រដ្ឋសភាទេនោះ ព្រឹទ្ធសភាមិនអាចផ្តួចផ្តើមគំនិតដោយខ្លួនឯង ដើម្បីយកប្រធានាធិបតីមកជំនុំជម្រះ ដើម្បីដកតំណែងបាននោះទេ។ ដូចគ្នា ប្រសិនបើរដ្ឋសភាអនុម័តចោទប្រកាន់លើប្រធានាធិបតីរួចហើយ ក៏ប៉ុន្តែ ព្រឹទ្ធសភាមិនអនុម័តដកតំណែងប្រធានាធិបតីទេនោះ ប្រធានាធិបតីនឹងនៅតែបន្តកាន់តំណែងដូចពីមុនដដែល៕