ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលកម្ពុជា ៖ ផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល និង របបរាជានិយមនៅកម្ពុជា របស់ទណ្ឌិត សម រង្ស៊ី បរាជ័យទាំងស្រុង

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែវិច្ឆិកា នេះ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ចេញសេចក្តីថ្លែងការណ៍សំខាន់មួយ ដោយអះអាងថា “ផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល និង របបរាជានិយមនៅកម្ពុជា របស់ទណ្ឌិត សម រង្ស៊ី បរាជ័យទាំងស្រុង”។

សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាល បង្ហាញថា នាពេលកន្លងទៅថ្មីៗនេះ ក្រុមឧទ្ទាមដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី បានកំណត់យកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ចំថ្ងៃនៃការប្រារព្ធខួបអនុស្សារីយ៍លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ដើម្បីអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល និងរបបរាជានិយមនៅកម្ពុជា។

រាជរដ្ឋាភិបាលមានកិត្តិយសសូមប្រកាសជូនបងប្អូនជនរួមជាតិទាំងអស់មេត្តាជ្រាបថាផែនការប៉ុនប៉ងធ្វើរដ្ឋប្រហាររបស់ក្រុមឧទ្ទាមដឹកនាំដោយទណ្ឌិត សម រង្សី នេះ បានទទួលបរាជ័យទាំងស្រុង ហើយសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ត្រូវបានធានាយ៉ាងរឹងមាំជាប្រក្រតីនៅទូទាំងប្រទេស។

មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស បានចូលរួមអបអរសាទរការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនេះ ប្រជាពលរដ្ឋគ្រប់មូលដ្ឋានទូទាំងប្រទេស បានរួមសហការគ្នាយ៉ាងសកម្មផុលផុសក្នុងការរៀបចំពិធីហូបអំបុក ដែលបង្ហាញអំពីសាមគ្គីភាព ឯកភាពយ៉ាងរឹងមាំ ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ សំដៅបន្តថែរក្សាសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម បង្កលក្ខណៈ ដល់ប្រជាពលរដ្ឋកម្ពុជាជួបជុំក្រុមគ្រួសារ និងធ្វើដំណើរកំសាន្តក្នុងថ្ងៃឈប់សម្រាកទៅគ្រប់ទិសទីទូទាំងប្រទេស ព្រមទាំងបានចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុក យ៉ាងច្រើនកុះកររហូតដល់ជាង ៤លាននាក់ ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ។

ព្រមជាមួយនេះ រាជរដ្ឋាភិបាលសុំការយោគយល់អធ្យាស្រ័យពីសំណាក់បងប្អូនប្រជាពលរដ្ឋ ក៏ដូចអាជីវករ ចំពោះភាពរអាក់រអួលខ្លះៗក្នុងការចេញចូលឆ្លងកាត់ច្រកទ្វារព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា ជាមួយព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី៩ ខែវិច្ឆិកា កន្លងមកនេះដោយសារការរឹតបន្ដឹងការត្រួតពិនិត្យការចេញចូលឆ្លងកាត់ព្រំដែនសំដៅបង្ការទប់ស្កាត់សកម្មភាពរបស់ក្រុមឧទ្ទាម និងដើម្បីធានាថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។

រាជរដ្ឋាភិបាលសូមសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញតួនាទីរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការធានារក្សាការពារសុខសន្តិភាព និងស្ថិរភាពសង្គម ជាពិសេស ការសម្រេចបាននូវជោគជ័យដ៏ត្រចះត្រចង់ក្នុងការបំផ្លាញចោលទាំងស្រុងនូវផែនការរបស់ក្រុមឧទ្ទាមដឹកនាំដោយទណ្ឌិត សម រង្ស៊ី ដែលប៉ុនប៉ងយកថ្ងៃទី៩ ខែវិច្ឆិកា ដែលជាថ្ងៃបុណ្យឯករាជ្យជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រមូលកម្លាំងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលដែលកើតចេញពីឆន្ទៈរបស់ប្រជាជន តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាពិសេស ឧបាយកលដ៏ខ្មៅងងឹតក្នុងការប៉ុនប៉ងផ្លាស់ប្តូររបបរាជានិយមនៅកម្ពុជា។

ជោគជ័យនេះ ក៏មិនអាចកាត់ផ្តាច់បានពីការចូលរួមចំណែកដ៏សំខាន់ និងមិនអាចខ្វះបានរបស់ប្រជាជនកម្ពុជាទូទាំងប្រទេសដែលបាន បង្ហាញនូវសាមគ្គីភាពរឹងមាំជាមួយរាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងកិច្ចការពារ និងថែរក្សាសុខសន្តិភាព និងស្ថិរភាពសង្គម ជាពិសេសបានបង្ហាញនូវស្វាមីភក្តិដ៏ជ្រាលជ្រៅបំផុតចំពោះ អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃជាតិខ្មែរ និងចំពោះរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជា។

ទន្ទឹមនេះ រាជរដ្ឋាភិបាលបានសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋស្លូតត្រង់មួយចំនួនតូច បានចាញ់បោកការឃោសនានយោបាយ និងឧបាយកលពិសពុលរបស់ក្រុមឧទ្ទាមដឹកនាំដោយទណ្ឌិត សម រង្ស៊ីហើយបានចាកចេញទៅកាន់ប្រទេសទី២ ជាពិសេស ទៅព្រះរាជាណាចក្រថៃ ដើម្បីត្រៀមចូលរួមក្នុងអ្វីមួយដែលក្រុមឧទ្ទាមហៅថា ការអមដំណើរវិលត្រឡប់ចូលកម្ពុជារបស់ទណ្ឌិត សម រង្ស៊ី។

ឆ្លៀតក្នុងឱកាសនេះ រាជរដ្ឋាភិបាលសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ ដែលបានចាញ់ឧបាយកលបោកប្រាស់របស់ក្រុមឧទ្ទាមដឹកនាំដោយទណ្ឌិត សម រង្ស៊ី សូមវិលត្រឡប់មកមាតុប្រទេសវិញ ដើម្បីបន្តរួមរស់ជាមួយក្រុមគ្រួសារ និងសង្គមជាតិ ក្រោមដំបូលនៃសុខសន្តិភាព។ រាជរដ្ឋាភិបាលយល់ច្បាស់ណាស់ថា ប្រការដែលបងប្អូនអាចជាប់ពាក់ព័ន្ធនឹងបទល្មើសចូលរួមគំនិតក្បត់ គឺដោយសារការចាញ់បោកឧបាយកលនយោបាយ និងការលួងលោមអូសទាញពីសំណាក់ក្រុមឧទ្ទាមដឹកនាំដោយទណ្ឌិត សម រង្ស៊ី ដែលមានបំណងយកបងប្អូនដែលជាជនស្លូតត្រង់ ធ្វើជាឧបករណ៍នយោបាយ និងឈ្លាន់បញ្ឆេះកំហឹងសង្គមដើម្បីសម្រេចមហិច្ឆិតាអំណាចរបស់ក្រមខ្លួន ដោយមិនគិតពីការស្លាប់រស់ និងសុខទុក្ខរបស់បងប្អូន និងប្រទេសជាតិឡើយ។

រាជរដ្ឋាភិបាលស្នើសុំ និងលើកទឹកចិត្តឲ្យស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បន្តជំរុញអនុវត្តមាត្រា៤៥៤ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋស្លូតត្រង់ ដែលចាញ់បោកឧបាយកលនយោបាយរបស់ក្រុមឧទ្ទាមដឹកនាំដោយទណ្ឌិត សម រង្ស៊ី អាចវិលត្រឡប់មកមាតុប្រទេសវិញ ដោយមិនមានទោសពៃរ៍។

រាជរដ្ឋាភិបាលមានជំនឿយ៉ាងមុតមាំលើទឹកចិត្តស្នេហាជាតិរបស់ប្រជាជនកម្ពុជា ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចការពារ និងថែរក្សាសុខសន្តិភាព និងស្ថិរភាពសង្គមដែលជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ សម្រាប់ការអភិវឌ្ឍសង្គមជាតិប្រកបដោយចីរភាព ៕ចេស្ដា


ចែករំលែក៖