ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណីលួចម៉ូតូមួយគ្រឿង ពីសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា នៅម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចផ្លូវបេតុង ក្រុមទី១៣ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ ចាន់ វាសនា ហៅ ស្នា អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះជួល ផ្លូវលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ចំណែកជនសង្ស័យទី២មានឈ្មោះ សំអុល រតនា ហៅ ពៅ អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះជួល ផ្លូវលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងល្បាតប៉ុស្តិ៍មានការសង្ស័យទៅលើមុខសញ្ញាពីរនាក់ ក៏បានឃាត់យកមកប៉ុស្តិ៍ដើម្បីសាកសួរ ហើយជនសង្ស័យបានសារភាពថា ពួកគេទាំងពីរនាក់បានធ្វើសកម្មភាពលួចម៉ូតូម៉ាកនិច នៅម្តុំស្ពានទី២ ឬទី៣ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ពេលជិះចេញមកជួបសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
សមត្ថកិច្ចឲ្យដឹងទៀតថាសម្ភារ:ដកហូតរួមមាន៖-ម៉ូតូ ០១គ្រឿងម៉ាក SUZUKI NEX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BN-0315, ដែកសំប៉ែតកែច្នៃ ( ឧបករណ៍សម្រាប់កាច់សោរកម៉ូតូ) ចំនួន ០២ ដើម, សោខ្សៀរលេខ ៨ ចំនួន ០២ ដើម, ទូរស័ព្ទដៃ០២គ្រឿងម៉ាក NOKIA ពណ៌ក្រហម ០១គ្រឿង និងម៉ាក Western ពណ៌ខ្មៅ ០១គ្រឿង និងទុយណឺវ៉ីស ចំនួន ០១ ដើម ។
បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យត្រូវបានផ្នែកជំនាញខណ្ឌប៉ុស្តិ៍នាំមកអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តន៍បន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ