ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន ​សែន បន្តឧបត្ថម្ភដល់ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចំនួន១០ម៉ឺនដុល្លារ សម្រាប់អាណត្តិទី២

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានបន្តផ្ដល់ថវិកាចំនួន១០ម៉ឺនដុល្លារដល់ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) សម្រាប់អាណត្តិទី២ ដើម្បីបន្តទ្រទ្រង់សកម្មភាពការងាររយៈពេល៣ឆ្នាំតទៅមុខទៀត ចាប់ពីឆ្នាំ២០១៩-២០២២។ ខណៈកន្លងមកសម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត បានផ្ដល់ថវិកាចំនួន១០ម៉ឺនដុល្លារសម្រាប់ការចាប់ផ្ដើមដំបូងរបស់ ស.ស.ស.ក ផងដែរ។

ក្រៅពីការឧបត្ថម្ភដល់ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សម្រាប់អាណត្តិទី១និងទី២នេះ សម្តេចទាំងទ្វេកន្លងមកក៏បានជួយដល់អ្នកសារព័ត៌មានតាមរយៈ ស.ស.ស.ក នូវទឹកប្រាក់៦ម៉ឺនដុល្លារ និង១៥លានរៀលផងដែរ ហើយជាពិសេសនោះគឺជួយកសាង «អគារសេរីភាព» សម្រាប់ជាទីស្នាក់ការរបស់ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា។

លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា តាងនាមឲ្យថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាសហភាពសហព័ន្ធ បានគោរពថ្លែងអំណរ គុណដ៏ជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគាំទ្រសកម្មភាពការងាររបស់ ស.ស.ស.ក ជាបន្តបន្ទាប់តាំងពីការចាប់ផ្តើមដោយបាតដៃទទេ ពីអាណត្តិទី១ រហូតដល់អាណត្តិទី២នេះ ឲ្យសហព័ន្ធមានលទ្ធភាពនិងឱកាសបានធ្វើការងារស្ម័គ្រចិត្ត រួមចំណែកតបស្នងដល់សង្គមលើវិស័យព័ត៌មាននិងការផ្សព្វផ្សាយ។

លោក ហ៊ុយ វណ្ណៈ ថ្លែងបន្តថា៖ «ការជួយគាំទ្ររបស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌឹត  គឺមានគុណតម្លៃយ៉ាងធំធេង ដែលនេះឆ្លុះបញ្ចាំងទស្សនៈវិស័យជាសកលរបស់ សម្តេច ក្នុងការគាំទ្រតួនាទីនិងសិទ្ធិសេរីភាពសារព័ត៌មានក្នុងសង្គមប្រជាធិបតេយ្យ។ នេះក៏ជាសក្ខីភាពបញ្ជាក់ពីការលើកកម្ពស់លំហរសេរីភាពសារព័ត៌មាន នៅកម្ពុជា ដែលស្របនឹងបរិបទនៃរដ្ឋាភិបាលប្រទេសសេរីជាច្រើន បានជួយគាំទ្រដល់សមាគម អង្គការក្រៅរដ្ឋាភិបាល សហជីព និងអង្គការសារព័ត៌មានជាច្រើនទៀត របស់ខ្លួនទាំងនៅក្នុងស្រុកនិងនៅក្រៅប្រទេសឲ្យមានឱកាសរួមចំណែក ធ្វើការងារស្ម័គ្រចិត្តដ៏មានតម្លៃជួយសង្គមជាតិរបស់ខ្លួន និងពិភពលោក»។

សូមជម្រាបថា ​ស.ស.ស.ក បានកើតឡើងពីសមាជិកស្ថាបនិកដែលជាអ្នកសារព័ត៌មាន ទាំងភាសាខ្មែរ និងភាសាបរទេសនៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើសកម្មភាពទាក់ទងទៅនឹងការតម្រង់ទិសសារព័ត៌មាន ការរួមចំណែកពង្រឹងសីលធម៌វិជ្ជាជីវៈ និងសមត្ថភាពវិជ្ជាជីវៈដល់អ្នកសារព័ត៌មានកម្ពុជា ជាមួយនឹងការផ្សព្វផ្សាយព័ត៌មាន ក៏ដូចជាប្រឆាំងការផ្សាយព័ត៌មានមិនពិត ហើយបានដើរតួនាទីនៅក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិតំណាងឲ្យសារព័ត៌មានកម្ពុជា៕ សុខ ខេមរា

 


ចែករំលែក៖