ទំនាក់ទំនងយ៉ាងល្អូកល្អើន រវាងអាមេរិក និងកូរ៉េខាងត្បូង មានសញ្ញាមិនល្អ ក្រោយពេល លោកត្រាំ ដាក់បន្ទុកធ្ងន់ ទៅលើ កូរ៉េខាងត្បូង ឲ្យចំណាយប្រាក់រាប់ពាន់លានដុល្លារ ចិញ្ចឹមទាហានអាមេរិកឈរជើងនៅកូរ៉េខាងត្បូង។
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Mark Esper បានទៅដល់កូរ៉េខាងត្បូង កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ដើម្បីស្វែងរកសំឡេងរួមគ្នានៅស្តីពីប្រាក់ចំណាយសម្រាប់យោធាអេមរិក ឈរជើងនៅលើទឹកដីកូរ៉េខាងត្បូង តាមការចង់បានរបស់ប្រធានាធិបតីដូណាល់ ត្រាំ។
ប្រធានាធិបតី ដូណាល់ ត្រាំ បានទាមទារកូរ៉េខាងត្បូង ចំណាយប្រាក់ទាំងអស់សម្រាប់កម្លាំងទាហានអាមេរិក ឈរជើងនៅក្នុងប្រទេសនេះ គឺប្រាក់ចំណាយកើនឡើងដល់៥០០ភាគរយនៅក្នុងឆ្នាំ២០២០។
សារព័ត៌មាន CNN បានដកស្រង់សំដីមន្ត្រីអាមេរិកបានលើកឡើងថា ការទាមទា ខាងលើ ធ្វើឲ្យមន្ត្រីក្រសួងការពារជាតិ ខឹងសម្បាយ៉ាងខ្លាំង បង្កក្តីបារម្ភយ៉ាងខ្លាំង ដល់ថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យនិងសាធារណៈរដ្ឋ ពីការប្រេះឆាទំនាក់ទំនងដ៏ល្អរវាងអាមេរិក និងកូរ៉េខាងត្បូង ។
ចំណែករដ្ឋាភិបាលទីក្រុងសេអ៊ូលវិញបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ហើយមន្ត្រីកូរ៉េខាងត្បូង បានដាក់សំណួរដល់អាមេរិក ថានៅរក្សាការសន្យាចំពោះសម្ពន្ធមិត្តដែរឬទេ។ តើលោកត្រាំអាចដកទាហានចេញដែរឬទេ បើកូរ៉េខាងត្បូង មិនព្រមចំណាយប្រាក់តាមការចងបានរបស់លោកត្រាម។
នយោបាយអាត្មានិយមគិតតែពីផលប្រយោជន៍របស់ខ្លួនឯង របស់ប្រធានាធិបតីដូណាលត្រាំកំពុងតែធ្វើឲ្យសម្ពន្ធមិត្តអស់ទំនុកចិត្ត។ ជាមួយគ្នានោះដែរ កូរ៉េខាងត្បូង បានគិតគូពីយុទ្ធសាស្ត្រការពារដោយខ្លួនឯង ប្រើសិនបើលោកត្រាំបង្ខំឲ្យចំណាយប្រាក់ទៅលើកម្លាំងទាហានអាមរិកនោះ ៕