ភ្នំពេញៈ នៅព្រឹកថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យធនធានមនុស្សសរុបចំនួន១,៩៥៨នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សា ដោយជោគជ័យ។ ពិធីប្រគល់សញ្ញាបត្រនេះ ធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។
និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនាព្រឹកនេះ គឺជាធនធានមនុស្ស ប្រកបដោយសក្តានុពល សម្រាប់ការងារ និងសង្គមជាតិទាំងមូល ហើយចាប់តាំងពីការកកើតក្នុងឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ននេះ សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិត ដែលបានបញ្ចប់ការសិក្សាពី សាកលវិទ្យាល័យធនធានមនុស្ស សរុបចំនួន ៣៩,៣៩៥នាក់ (នារី ១៣,៣៣៦នាក់) ទទួលបានឱកាសការងារខ្ពស់ រហូតដល់ជាង៩០%ជារៀងរាល់ឆ្នាំ នៅតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ៕