ខេត្តព្រះសីហនុៈ ករណីដងយោងគ្រេចបាក់សង្កត់លើអាគារ កម្ពស់១១ ជាន់នៅសង្កាត់លេខ ៤ក្រុងព្រះសីហនុ (ម្តុំជិតចំការស្ពៃ) គិតមកត្រឹមវេលាថ្ងៃត្រង់ថ្ងៃ១៧ វិច្ឆិកា ២០១៩នេះ គឺមានរយៈពេលជាង២៤ម៉ោងហើយ អ្នកបច្ចេកទេសនៅមិនទាន់ដោះយកចេញពីលើអាគារនេះបានអស់នៅឡើយ។
ក្រោយហេតុការណ៍នេះ ដែលកើតឡើងកាលពីថ្ងៃត្រង់ម្សិលមិញមក អជ្ញាធរបានជន្លៀសកម្មករ និងពលរដ្ឋនៅក្បែរអោយចាកចេញឆ្ងាយជាបណ្តោះអាសន្ន ដើម្បីទុកពេលអោយក្រុមបច្ចេកទេសឡើងទៅដោះយកដងយោងដែលបាក់នៅលើអគារខ្ពស់នេះ។
លោកលៀម សុដាអភិបាលរងខេត្តព្រះសីហនុដែលអញ្ជើញដឹកនាំដោះស្រាយកិច្ចការនេះថ្លែងថា ការយឺតយូរក្នុងការដោះយកដងយោងនេះចេញ ដោយសារទីតាំងស្ថិតនៅលើអាគារខ្ពស់ផង ហើយការដោះយកបានធ្វើមួយកង់ម្តងៗ ការពារមិនអោយធ្លាក់មកខាងក្រោម ។ ទោះជាយ៉ាងនេះក្តីលោកអភិបាលរងខេត្តព្រះសីហនុថ្លែងថា កិច្ចការនេះអជ្ញាធរនឹងខិតខំដោះស្រាយអោយបានឆាប់តាមដែលអាចធ្វើទៅបាន ។
ជាមួយគ្នានេះ បើតាមលោកអុី សុខឡេងអភិបាលក្រុងព្រះសីហនុមានប្រសាសន៍បញ្ជាក់ថា អគារនេះទើបបានសាងសង់រួចមានច្បាប់ទម្លាប់ត្រឹមត្រូវ ហើយពេលដែលខាងបច្ចេកចាប់ផ្តើមដោះយកដងយោងចេញក៏ភ្លាត់គ្រេចបាក់សង្កត់មកលើតួអគារប៉ែកខាងលើ ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ៕ ឆ្លាម សមុទ្រ