ខេត្តស្ទឹងត្រែង៖ សង្កាត់ស្ទឹងត្រែងបានផ្តួចផ្តើម ធ្វើផ្លូវបេតុង១ខ្សែនេះឡើង ស្របទៅតាមចតុកោណ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានសន្តិភាព សេរីភាព មានការអភិវឌ្ឍន៍ មានផ្ទះមានផ្លូវ មានអ្វីៗគ្រប់យ៉ាង សម្រាប់តម្រូវការរបស់ពលរដ្ឋ ងាយស្រួលធ្វើដំណើរ ហើយផ្លូវនេះរឹងមាំ មិនងាយខូច ធ្វើឡើងនៅចំណុចផ្លូវចូលមន្ទីរពេទ្យយោធភូមិភាគទី១ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងខេត្តស្ទឹងត្រែង ខេត្តស្ទឺងត្រែង ។
លោកជា វណ្ណ ចៅសង្កាត់ស្ទឹងត្រែង បានឲ្យអ្នកសារព័ត៌មានដឹងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ក្នុងការសាងសង់ផ្លូវមួយខ្សែនេះ ធ្វើឡើងស្របទៅតាមយុទ្ធសាស្ត្រចតុកោណ របស់សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចុះដល់មន្ត្រីថ្នាក់ក្រោមជាតិ គ្រប់ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត រាជធានី ក្នុងការអភិវឌ្ឍន៍ ធ្វើផ្លូវបេតុងនេះឡើង ដើម្បីធានានូវគុណភាព រឹងមាំបានយូរ ធ្វើតាមលទ្ធភាព ជាជំហានគីង្គក់ តិចៗ គង់តែបានសម្រេច ដើម្បីឲ្យរឹងមាំ និងធានាគុណភាព បានយូរ មិនងាយខូចដូចផ្លូវក្រាលក្រួសក្រហមនោះឡើយ។
លោកចៅសង្កាត់បានបន្តទៀតថា ផ្លូវបេតុងដែលកំពុងសាងសង់នេះ មានទទឹង៥ម៉ែត្រ កម្រាស់១តឹកកន្លះ ប្រវ៉ែង៥១០ម៉ែត្រ ចំណាយថវិកាអស់ ១៥៨លានរៀល ហើយលោកក៏សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ជាពិសេសបងប្អូនរស់នៅសងខាងផ្លូវនេះផ្ទាល់ ហើយដែលពួកគាត់កំពុងប្រើប្រាស់ផ្លូវ១ខ្សែនេះ មេត្តាជួយថែរក្សា កុំដឹកជញ្ជូនលើសទម្ងន់ ធ្វើឲ្យផ្លូវ ឆាប់ខូច ម្យ៉ាងទៀត សូមបងប្អូនរស់នៅសងខាងផ្លូវនេះ មេត្តាជួយបំពេញបន្ថែម នូវចិញ្ចើមផ្លូវមួយនេះ ដើម្បីងាយស្រួលដល់បងប្អូនខ្លួនឯងផងដែរ ។
លោកបញ្ជាក់ទៀតថា: ក្នុងឆ្នាំ២០២០ខាមុខនេះ រាជរដ្ឋាភិបាលនឹងទម្លាក់លុយ (៨,៩ម៉ឺនដុល្លារ) ដល់សង្កាត់របស់លោក លោកនឹងសាងសង់ផ្លូវបេតុង៣ខ្សែទៀតមុនគេ ផ្លូវខ្សែទី១ ក្រោយវត្តភ្នំស្ទឹងត្រែង ផ្លូវខ្សែទី២ នៅជាប់ផ្លូវឡើងភ្នំបាធាតុ និងផ្លូវខ្សែទី៣ ក្រោយសាលាវិទ្យាល័យ ព្រះរាជបូជនិយ៍កិច្ច ក្នុង៣១ឃុំ សង្កាត់ និងត្រូវធ្វើផ្លូវបេតុងទាំងអស់ ។
ប្រជាពលរដ្ឋដែលរស់នៅសាងខាងផ្លូវ ក៏ដូចបងប្អូនប្រជាពលរដ្ឋទូទៅ ដែលរស់នៅក្នុងខេត្តស្ទឹងត្រែងទាំងមូល បានសំដែងនូវការសប្បាយរីករាយ យ៉ាងខ្លាំងរកអ្វីបៀបផ្ទឹមពុំបានឡើយ ដោយឃើញលោកចៅសង្កាត់បានផ្តួចផ្តើម ដឹកនាំក្រុមការងារក្រុមប្រឹក្សាសង្កាត់ចុះសិក្សា និងធ្វើផ្លូវចាក់បេតុងមួយខ្សែនេះឡើង ។
ម្យ៉ាងវិញទៀត ពួកគាត់ក៏បានថ្លែនអំណរ អរគុណដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលលោកតែងតែគិតគូរដល់ផលប្រយោជន៍ប្រជាពលរដ្ឋ ទូទាំងប្រទេស ដើម្បីរកសុខសន្តិភាពជូនជាតិ និងអភិវឌ្ឍន៍គ្រប់វិស័យជូនដល់ពលរដ្ឋ ជាចំណងដៃដ៏ថ្លៃថ្លាបំផុត រកអ្វីប្រៀបផ្ទឹមពុំបានឡើយ ពួកគាត់ក៏បានជូនពរដល់សម្តេចឲ្យជួបតែពុទ្ធពរ ទាំងប្រាំប្រការ គឺអាយុ វណ្ណ: សុខ: ពល: និងបដិភាណ: កុំបីឃ្លៀងឃ្លាតឡើយ និងដើម្បីដឹកនាំប្រទេសជាតិតរៀងទៅ ៕ មាស សុផាត