ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ មានជំងឺក្រពះ និងថ្លង់ អស់រយៈពេលកន្លះខែសម្រេចចិត្តអារ.ក ខ្លួនឯងស្លាប់ក្នុងថ្លុកឈាម

ចែករំលែក៖

ភ្នំពេញ ៖ ដោយសារតែមានជំងឺក្រពះ និងថ្លង់ ទើបតែកើតឡើងអស់រយៈពេលកន្លះខែសោះ ស្រាប់តែយុវជនម្នាក់ បានសម្រេចចិត្តអារ.ក ខ្លួនឯងស្លាប់ក្នុងថ្លុកឈាមនៅនឹងផ្ទះរបស់ខ្លួន ខណៈឪពុកម្តាយមិននៅ ហើយបានបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅត្រួតពិនិត្យភ្លាមៗ ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីថ្ងៃអាទិត្យ ៦រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៣និង១៥នាទីរសៀល នៅចំណុចមុខផ្ទះលេខ២៤E១ ផ្លូវលេខ១០៨ ភូមិ៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សពឈ្មោះយ៉ាន ម៉ាលីរតនា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។

យោងតាមការបំភ្លឺ ឈ្មោះ អ៊ុង យ៉ាន ភេទប្រុស មុខរបរមន្ត្រីក្រសួងផែនការ(ត្រូវជាឪពុក) ឆ្នាំកំណើត១៩៧០ មានស្រុកកំណើតឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ សព្វថ្ងៃមានទីលំនៅបច្ចុប្បន្នផ្ទះលេខ២៤E១ ផ្លូវ១០៨ ក្រុម៥០ ភូមិ៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានបញ្ជាក់ចំពោះមុខសមត្ថកិច្ចថា ៖ « កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១៥និង១៥នាទី ខ្ញុំបាទកំពុងនៅផ្ទះរបស់ខ្ញុំមួយទៀត(ផ្ទះលក់ចាប់ហួយ) ដែលមានលេខ៣E0 ផ្លូវលេខ១៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ស្រាប់តែកូនរបស់ខ្ញុំឈ្មោះយ៉ាន ម៉ាលីរតនាគា ភេទប្រុស អាយុ១៨ឆ្នាំ បានរត់ចុះពីផ្ទះកើតហេតុមកប្រាប់ខ្ញុំថាបងប្រុស ឈ្មោះ យ៉ាន ម៉ាលីរតនា បានអារ.ក ធ្វើអត្តឃាតនៅលើផ្ទះជាន់ទី១ ពេលនោះខ្ញុំបានរត់ឡើងទៅមើល ក៏ឃើញកូនរបស់ខ្ញុំកំពុងត្រដរខ្យល់ មានឈាមជោកពេញខ្លួន និងមានកូនកាំបិតចុងស្រួចនៅនឹងចុងដៃ ព្រមទាំងមានស្នាមអារ.ក ខ្ញុំក៏រត់ចុះមកក្រៅ ហៅប្រពន្ធខ្ញុំដែលកំពុងនៅផ្ទះលក់ចាប់ហួយដើម្បីរកវិធីសង្គ្រោះ ពេលប្រពន្ធខ្ញុំឈ្មោះម៉ី ម៉ាលីន មកដល់ឃើញកូនបើកភ្នែក ក៏បានយកកូនកាំបិតចុងស្រួចចេញពីសពបោះទៅចុងជើងដើម្បីងាយស្រួលសង្គ្រោះ។ បន្ទាប់មក កូនខ្ញុំក៏បានដាច់ខ្យល់ស្លាប់ទៅ(កូនរបស់ខ្ញុំមានជំងឺក្រពះ និងថ្លង់ ហើយក្នុងរយៈពេលកន្លះខែនេះ កូនបានត្អូញប្រាប់ថា មិនស្រួលខ្លួន)។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយពីសភាពការណ៍កើតឡើង កម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍ បានចុះដល់ និងគ្រប់គ្រងកន្លែងកើតហេតុ ហើយរាយការណ៍ជូនព្រះរាជអាជ្ញា ការិយាល័យ បច្ចេកទេសវិទ្យាសាស្ត្រ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបង្កើតគណៈកម្មការធ្វើកោសល្យវិច័យពិនិត្យសព ។ ជាលទ្ធផល តាមការពិនិត្យរបស់ការិយាល័យជំនាញបច្ចេកទេស និង លោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន បញ្ជាក់ថា សពស្លាប់ដោយអត្តឃាត(អារ.ក សម្លាប់ខ្លួន)។

ក្រោយពីត្រួតពិនិត្យរួច ខាងជំនាញបច្ចេកទេស បានប្រគល់សពឲ្យក្រុមគ្រួសារយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ខណ្ឌសែនសុខ ដើម្បីធ្វើបុណ្យតាមប្រពៃណី  ៕ស រស្មី


ចែករំលែក៖