ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអធិការដ្ឋានស្រុកស្ទោងក្របួចបានស្រ្តីជើងល្អដែលចាប់ក្មេងមកលក់តាមចិញ្ចឹមថ្នល់

ចែករំលែក៖

ខេត្តកំពង់ធំ៖ មានហេតុការណ៍ ភ្ញាក់ផ្អើលមួយ បានកើតឡើងនៅក្នុងផ្សារស្រុកស្ទោង ខេត្តកំពង់ធំ ដែលបណ្តាលមកពី មានស្រ្តីម្នាក់បានចាប់ក្មេងស្រីតូចពីភ្នំពេញ ហើយយកទៅលក់នៅផ្សារ និងត្រូវបានសមត្ថនៃអធិការស្រុកស្ទោង ចាប់ឃាត់ខ្លួនស្រ្តីរូបនោះ ដោយសង្ស័យថា ជាអំពើ​ល្មើសច្បាប់ពាក់ព័ន្ឋនិងការជួញដូរមនុស្ស។

ក្មេងស្រីរងគ្រោះអាយុជាង១ខួប ត្រូវបានសមត្ថកិច្ចជួយរំដោះ ឲ្យបានរួចផុតពីក្រញ៉ាំដៃរបស់ ស្រ្តីជើងល្អ ម្នាក់ដែលបានចាប់នាងមកលក់នៅក្នុងទីផ្សារ ដូចជាលក់នំចំណី ក្នុងនោះសមត្ថកិច្ចក៏បានឃាត់ខ្លួនស្រ្តីដែល ជាជនសង្ស័យបានហើយ តាមពិតស្រ្តីជនសង្ស័យនេះ គឺត្រូវបានឳពុកម្តាយ ក្មេងស្រីរងគ្រោះ ជួលមកធ្វើការ ផ្ទះជាមេដោះមើលថែក្មេងស្រី លុះមានឱកាសល្អស្រ្តីរូបនេះ បានយកក្មេងនេះទៅលក់នៅទីផ្សារ។

យោងតាមលោកវរៈសេនីយ៍ឯក យ៉ង សំ អធិការស្រុកស្ទោង បានឲ្យដឹងថា  ក្នុងករណីជួញដូរមនុស្សនេះ គឺ ឈ្មោះ លន ប៉ិក អាយុ៣៣ ឆ្នាំ  ជាឳពុកម្តាយក្មេងស្រីរងគ្រោះ មានមុខរបរកាត់ដេរ បានជួលស្រ្តីដែលជាជនសង្ស័យ ឈ្មោះធុន ថុនា អាយុ ២៩ ឆ្នាំ ឲ្យមើលក្មេងស្នាក់នៅបន្ទប់ជួល ភូមិផ្សារកំបូល សង្កាត់កំបូល  ខណ្ឌកំបូល ធានី ភ្នំពេញ ក្រោយមក ស្រ្តីជនសង្ស័យ បានយកក្មេងនោះទៅលក់នៅខេត្តកំពត ក្នុងតំម្លៃ២០០ដុល្លា ហើយបានគេចខ្លួនមកខេត្តកំពង់ធំ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។

លោកវរៈសេនីយ៍ឯក យ៉ង សំ បានឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យ កម្លាំងរបស់លោកបានប្រទះ ឃើញស្រ្តីដែលជាជនសង្ស័យ នៅដើរក្នុងផ្សារស្ទោង ស្ថិតក្នុងភូមិកំពង់ចិនត្បូង ឃុំកំពង់ចិនត្បូង ស្រុក ស្ទោង ខេត្តកំពង់ធំ ក៏បានរាយការណ៍ ជូនដល់ឧត្តមសេនីយ៍ទោ លោក អ៊ុក កុសល់ ស្នងការនគរបាល ខេត្តកំពង់ធំ ដើម្បីសុំវិធានការ ក្រោយមកក៏ទទួលបានបញ្ជាឲ្យ ឃាត់ខ្លួនស្រ្តីករណីលួចយកចេញពីផ្ទះកាលពីថ្ងៃទី១៥  ខែ វិច្ឆិកា ឆ្នាំ២០១៩ ហើយសត្ថកិច្ចចាប់បាន នៅល្ងាចថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០១៩ ចំណុចផ្សារស្ទោង ។

លោកវរៈសេនីយ៍ឯក យ៉ង សំ បានបញ្ជាក់ក្រោយពីបាន ឃាត់ខ្លួនស្រ្តីសង្ស័យនេះបានមក ក៏បានឲ្យនាំទៅខេត្តកំពត ដើម្បីទៅរកទីតាំង ដែលបានលក់ក្មេង លុះទៅដល់សមត្ថកិច្ចក៏បានយកក្មេងនោះបានមកវិញ ប្រគល់ឲ្យឳពុកម្តាយ លុះព្រឹកថ្ងៃទី ១៧វិច្ឆិកា កម្លាំងការិយាល័យប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន នៃ ស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ បានបញ្ជូនទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ទៅក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ប៊ុនរិទ្ធី


ចែករំលែក៖